(ភ្នំពេញ)៖ ក្រោយសង្គេតឃើញមានមានសារព័ត៌មានអនឡាញមួយចំនួនបានផ្សាយតៗគ្នាថា «មន្ត្រីប៉ូលីសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុម្នាក់ចូលធ្វើប៉ូលីសបានបីឆ្នាំឡើងស័ក្តិបួន និងជា នាយរងការិយាល័យ» អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺបន្ទាន់មួយ ដើម្បីជូនជាដំណឹងដល់ប្រជាពលរដ្ឋ កុំឱ្យមានការយល់ច្រឡំបន្តទៀត។

នៅក្នុងសេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងយ៉ាងដូចនេះថា ដើម្បីចែករំលែកអំពីនីតិវិធីតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ជាពិសេសដើម្បីបញ្ចៀសការភាន់ច្រឡំក្នុងចំណោមសាធារណមតិ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនថា ការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្ដិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។

ក្នុងនោះការដំឡើងឋានន្តរស័ក្តិ និងការតែងតាំងមុខតំណែងមន្ត្រីរូបនេះ គឺបានអនុវត្តតាម មាត្រា១៤ នៃព្រះរាជក្រឹត្យខាងលើយ៉ាងហ្មត់ចត់ ពោលគឺបានបំពេញនូវលក្ខណសម្បត្តិជាអាទិ៍ «ការគោរពវិន័យ ការចាត់តាំង កិរិយាមាយាទនិងសីលធម៌ សមត្ថភាពបំពេញភារកិច្ច ទំនាក់ទំនង ការងារ សុខភាព និងចំណេះដឹង»។ លើសពីនេះក៏យោងតាមមាត្រា១៦ នៃព្រះរាជក្រឹត្យដដែល ដែលបានចែងយ៉ាងជាក់លាក់ថា «...ក្នុងករណីមន្ត្រីនគរបាលជាតិកម្ពុជាណាម្នាក់បំពេញការងារមានស្នាដៃល្អពិសេស ត្រូវបានដំឡើងឋានន្តរស័ក្តិមួយថ្នាក់ដោយពុំគិតពីលក្ខខ័ណ្ឌ និងអតីតភាពឡើយ»។ ម្យ៉ាងទៀត យោងតាមគោលការណ៍«បំពេញប្រអប់» ដែលបាននិងកំពុងអនុវត្តការដំឡើងឋានន្តរស័ក្តិ គឺបានធ្វើស្របនឹងមុខតំណែងជា «នាយរងការិយាល័យ» ដោយផ្អែកតាមបញ្ញត្តិទាំងឡាយនេះព្រះរាជក្រឹត្យខាងលើ និងលិខិតបទដ្ឋានគតិយុត្តនានាឥតប្រាសចាក។

ជាការកត់សម្គាល់របស់អង្គភាពសាមី មន្ត្រីរូបនេះមានឧបនិស្ស័យ និងលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ស្នើសុំដំឡើងឋានន្តរស័ក្តិ និងតែងតាំង។ ពោលគឺបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត «ពាណិជ្ជសាស្ត្រ» និងជាពិសេសបានបញ្ចប់វគ្គ «បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» តាមការកំណត់របស់ក្រសួងមហាផ្ទៃ។ បន្ថែមពីនេះមុននឹងជាប់ក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ផ្នែក សន្តិសុខសាធារណៈ មន្ត្រីរូបនេះធ្លាប់ជាមន្ត្រីកិច្ចសន្យានៅនាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ តាំងពីឆ្នាំ២០២០១៦មកម្លេះ៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃ៖