(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម និងជាតំណាងរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម។

នៅក្នុងឱកាសនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ និងសេចក្ដីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានចាត់តាំងឲ្យលោកស្រី ចូលរួមធ្វើជាតំណាងក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនេះ។

លោកស្រីបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការលើកកម្ពស់សុខុមាលភាពប្រជាជន គឺជាគោលនយោបាយអាទិភាពចម្បងមួយ ក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យ ដោយមានការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធ ផ្តល់សេវាសុខាភិបាលសុខភាពឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០។

ដូចនេះ ក្រសួងសុខាភិបាលបានដាក់ចេញនូវ សកម្មភាពជាអាទិភាពសំខាន់ៗ ចំនួន៩រួមមាន ការអប់រំសុខភាពប្រជាជន លើកកម្ពស់ស្ថានភាពសុខភាពប្រជាជន ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង ការទប់ស្កាត់ នឹងការរីករាលដាលជំងឺឆ្លងជាសាកលនានាដែលកើតមាន ផលប៉ះពាល់សុខភាពបណ្តាលពីការប្រែប្រួលអាកាសធាតុ ការពង្រឹងការពិនិត្យព្យាបាល លើកកម្ពស់គុណភាពសេវា និយតកម្មវិស័យឯកជន ការអភិវឌ្ឍន៍ធនធានមនុស្ស និងសុខភាពឌីជថល។

ក្នុងនោះអាទិភាពបន្ទាន់ បីចម្បងគឺ ១៖ ពង្រឹងមណ្ឌលសុខភាព ដោយកែលម្អអាគារ បំពាក់សម្ភារៈ ឱសថ ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការបម្រើការសេវា ២៤ម៉ោង, ២៖ ពង្រឹងមន្ទីរពេទ្យបង្អែក ស្រុក ខេត្ត ជាតិ ព្រមទាំងនិយតកម្មសេវាឯកជនឲ្យបានប្រសើរឡើង និង៣៖ ពង្រឹងស្ថាប័នតាមរយៈ ការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ និងនវានុវត្តដល់គ្រប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់ ដើម្បីចូលរួមចំណែកសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល និងធ្វើឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងអាយុ យឺនយូរ។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានធ្វើបច្ចុប្បន្នភាពអំពីក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ឆ្នាំ២០២៣ ដែលមានសកម្មភាពស្នូល៦ រួមមាន៖

*ទី១៖ ការផ្តល់លទ្ធភាព និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ដើម្បីគាំទ្រដល់សុខភាព
*ទី២៖ ការតម្រង់ទិសឡើងវិញនូវការផ្តល់សេវាសុខភាព ដែលផ្តោតលើ ការពង្រឹងការថែទាំសុខភាពបឋម (មណ្ឌលសុខភាព) ជាជម្រើសដំបូង
*ទី៣៖ ការពង្រឹងសមត្ថភាពធនធានមនុស្សសុខាភិបាលឆ្លើយតបទៅនឹងការថែទាំសុខភាពបឋម
*ទី៤៖ ការប្រើប្រាស់នវានុវត្តន៍ និងបរិវត្តកម្ម ឌីជីថល
*ទី៥៖ ការវិនិយោគលើការថែទាំសុខភាពបឋម សម្រាប់ការគ្របដណ្តប់សុខភាពជាសកលដែលផ្តោតលើ ការបង្កើនកម្រិត និងភាពបត់បែននៃការផ្តល់ហិរញ្ញប្បទាន
*ទី៦៖ ការលើកកម្ពស់អភិបាលកិច្ច និងការពង្រឹងភាពជាដៃគូ។

លោកបណ្ឌិត Anirban Chatterjee អនុប្រធានយូនីសេហ្វនៅកម្ពុជា បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់យូនីសេហ្វ នៅក្នុងការគាំទ្រការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា «យើងបានតម្រែតម្រង់អាទិភាពជាយុទ្ធសាស្ត្ររបស់យូនីសេហ្វ ដើម្បីគាំទ្រដល់វិស័យសកម្មភាពស្នូលជាច្រើននៃ PHC-BIF។ នេះរួមបញ្ចូលទាំងការពង្រឹងការចូលរួមរបស់សហគមន៍ និងការគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងប្រព័ន្ធថ្នាក់ក្រោមជាតិសម្រាប់សេវាសង្គម រួមទាំងសេវាសុខភាពផងដែរ»

យូនីសេហ្វធានាពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះក្រសួងសុខាភិបាល ក្នុងការជំរុញការថែទាំសុខភាពបឋមប្រកបដោយសមធម៌នៅកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការកសាង ដោយផ្អែកលើលទ្ធផលសម្រេចបានកន្លងមក បទពិសោធន៍ និងកិច្ចសហការរយៈពេលវែងប្រកបដោយផ្លែផ្ការបស់យើងនៅមូលដ្ឋាន គាំទ្រដល់សហគមន៍ងាយរងគ្រោះ ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការកំណត់គំរូល្អដែលមានប្រសិទ្ធភាព ដែលអាចពង្រីកវិសាលភាពនៃការអនុវត្តបាន និងដែលជួយឲ្យសម្រេចបាននូវលទ្ធផលយូរអង្វែងសម្រាប់លទ្ធផលសុខភាពសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។

លោកវេជ្ជបណ្ឌិត ប៉ាស្កាល់ រីងវដ (Dr. Pascal Ringwald) តំណាងស្តីទីនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា រាល់មួយដុល្លារដែលបានវិនិយោគក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លង អាចបានផលត្រលប់មកវិញរហូតដល់ ១០ដងនៃតម្លៃ ដល់សេដ្ឋកិច្ចកម្ពុជា ដោយផលចំណេញដ៏ធំបំផុតបានមកពីការថែទាំសុខភាពបឋម តាមរយៈការបង្ការ ការលើកកម្ពស់សុខភាព និងការដោះស្រាយកត្តាហានិភ័យអន្តរវិស័យ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានគូសបញ្ជាក់បន្ថែមថា ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនេះ មានសារសំខាន់សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ ប្រើប្រាស់ដើម្បី ពិនិត្យមើលស្ថានភាពនៃការថែទាំបឋមក្នុងតំបន់របស់ខ្លួន និងកំណត់ចក្ខុវិស័យសម្រាប់ការថែទាំសុខភាពសម្រាប់ពេលអនាគត និងយុទ្ធសាស្ត្រតាមធនធានជាក់ស្តែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។

លោកស្រីថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថាប័នឯកជន ដែលបានចូលរួមយ៉ាងសកម្ម ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្នុងការងារថែទាំសុខភាពបឋមកន្លងមក និងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួម និងផ្តល់ការគាំទ្រ សម្រាប់ការជំរុញការងារថែទាំសុខភាពបឋមឲ្យទទួលបានជោគជ័យបន្ថែមទៀត។ ជាចុងបញ្ចប់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ជាមួយនឹងការប្រកាសបើកអង្គសិក្ខាសាលានេះផងដែរ៕