(កំពង់ធំ)៖ ស្ត្រីម្នាក់ត្រូវបានប្តីកាប់ជាច្រើនកាំបិត បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម នៅភូមិនាងសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសារប្រច័ណ្ឌ។

ករណីឃាតកម្មដ៏រន្ធត់នេះកើតឡើងវេលាម៉ោងប្រមាណ៥៖៣០នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ តាមការបញ្ជាក់ពីលោក ជឹម រីណា អធិការស្តីទីនគរបាលស្រុកស្ទោង បានឲ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ុន សយ (ជាប្តី) អាយុ៤៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានកាប់ទៅលើជនរងគ្រោះឈ្មោះ សោម សុជា (ជាប្រពន្ធ) អាយុ៤៤ឆ្នាំ នៅភូមិជាមួយគ្នា បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

គួរបញ្ជាក់ថា ក្នុងករណីនេះ ពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕