(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីផ្សព្វផ្សាយអំពីការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ស្ថិតិប៉ាន់ស្មានចំនួនប្រជាពលរដ្ឋ និងចំនួនការិយាល័យ បោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ ​លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធាន ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ នៅព្រឹកទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលសន្និសីទរបស់ គ.ជ.ប។

នាឱកាសនោះដែរ លោក ឌឹម សុវណ្ណារុំ បានលើកឡើងថា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានដាក់ចេញនូវផែនការអន្តរស្ថាប័នស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

លោក ឌឹម សុវណ្ណារុំ បានជម្រាបជូនថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានដាក់ចេញនូវសេចក្តីណែនាំរួមស្តីពី កិច្ចសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ជូនអំពីមុខសញ្ញាសំខាន់ៗដែលត្រូវការពាររួមមាន៖

*ប្រធាន អនុប្រធាន និងសមាជិក ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃ គ.ជ.ប
*ប្រធាន អនុប្រធាន សមាជិក និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់ លធ.ខប
*សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប)
*ពលរដ្ឋដែលអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
*អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងភ្នាក់ងាររបស់គណបក្សនយោបាយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖