(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​គណ​​បក្សប្រជាជនកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងថា ល្មមចេះគិតអំពីនយោបាយ និង​ផ្លូវ​ច្បាប់​ហើយ។ សម្រាប់អង្គការសហប្រជាជាតិ គេមិនរើសអើងរវាង សម្តេចតេជោ ហ៊ុន សែន និង

សម្តេចធិបតី ហ៊ុន ម៉ាណែត ឬនរណានោះទេ ឱ្យតែជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គេផ្តល់ឱកាសឱ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុកថា សម្តេចនៅតាមដាន​សម្តេច​ធិប​តី​​នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងនៅមហាសន្និបាតអង្គការសហ​ប្រជាជាតិ បន្ទាប់ពីគាត់បានជួប​ជាមួយ​អគ្គលេខាកាល​ពីព្រឹក​មិញ។

សម្តេចតេជោ បានបញ្ជាក់ថា «ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយ និងផ្លូវច្បាប់​ហើយ។ នៅអង្គការសហប្រជាជាតិ គេមិនរើសអើងរវាង ហ៊ុន សែន និង ហ៊ុន ម៉ាណែតឬនរណានោះទេ ឱ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គេផ្តល់​ឱកាស​ឱ្យឡើងថ្លែង ដូចប្រទេសជា​សមាជិក​ផ្សេងទៀតដែរ»

ក្រុមប្រឆាំងក្រៅប្រទេស ដែលគេដឹងថា ដឹកនាំដោយលោក សម រង្ស៉ី មូរ សុខហួរ អេង ឆៃអ៊ាង ជាដើម បានបំផុសចលនាឱ្យខ្មែរប្រឆាំងនៅសហរដ្ឋអាមេរិក នាំគ្នាប្រមូលផ្តុំតវ៉ាទាមទារឱ្យ​អង្គការ​សហប្រជាជាតិ កុំអនុញ្ញាតឱ្យសម្តេចធិបតីឡើងថ្លែងនៅអង្គការសហប្រជាជាតិ។ ពួកគេចាត់ទុក​ការបោះឆ្នោតនៅកម្ពុជាមិនត្រូវ និងថាសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីមិនស្រុបច្បាប់​ជាដើម។

នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ក្រុមប្រឆាំងមួយចំនួនតូច ក៏បាននាំគ្នាទៅប្រមូលផ្តុំតវ៉ាជិតអង្គការ​សហ​ប្រជាជាតិផងដែរ។

ការតវ៉ារបស់ក្រុមប្រឆាំងមិនមានអានុភាពណាមួយលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនោះឡើយ។ ទីបំផុតសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយអគ្គលេខាធិការអង្គការសហ​ប្រជាជាតិ និងថ្លែងនៅអង្គការសហប្រជាតិ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា តំណាងឱ្យប្រជាជាតិ​កម្ពុជាប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ជាទីបំផុត។

នេះជាការបរាជ័យដ៏អាម៉ាស់មួយទៀតរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជាពិសេសជន​ក្បត់ជាតិ​៣ជំនាន់ សម រង្ស៉ី។ ប្រកួតចាញ់តាំងពីសម្តេចតេជោ រហូតដល់សម្តេចធិបតី ឬអាចហៅបានថា «ចាញ់តជំនាន់»