(ញូវយ៉ក, អាមេរិក)៖ ពីលើវេទិការបស់អង្គការសហប្រជាជាតិ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញ​ក្តី​កង្វល់​អំពីអស្ថិរភាពពិភពកលោក និងការកើនឡើង​នូវ​ភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយនាពេលបច្ចុប្បន្ន ដែលជាការរាំងស្ទះដល់គោលដៅ​អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។

ក្នុងសន្ទករថានាសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវ​យ៉ក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចយ៉ាង​ដូច្នេះ «ខ្ញុំមានកង្វល់រួមអំពីអស្ថិរភាពពិភពកលោក និងការកើនឡើងនូវភាពតានតឹងផ្នែក​ភូមិសាស្ដ្រ​នយោបាយ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនៅពេលនេះ»។

ក្តីកង្វល់រួមដែលសម្តេចធិបតី បានគូសបញ្ជាក់នៅចំពោះមុខអង្គការសហប្រជាជាតិ គឺការវិវឌ្ឍន៍​កាន់​​​តែ​ដុនដាមនៃសង្គ្រាម នៅអ៊ុយក្រែន និងផលលំបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់​បង់​ជំនឿ​ពី​រដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការប្រកួតប្រជែងរវាងប្រទេសមហា​អំណាច និងបណ្ដាប្រទេសមានអំណាចធំៗ បានរុញច្រានឱ្យមានការបង្វែរធន​ធានយកទៅប្រើ​ប្រាស់ ក្នុងគោលដៅពង្រីកសមត្ថភាពផ្នែកសន្ដិសុខវិញ ប្រការនេះបានធ្វើឱ្យធនធានដែលត្រូវ​ការចាំ​បាច់ ដើម្បីដោះស្រាយផលប៉ះពាល់វិបត្តិជំងឺកូវីដ១៩ និងការខិតខំសម្រេចរបៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់គោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកាន់តែខ្សត់ខ្សោយទៅ។

ស្របទៅនឹងមូលបទ «ការកសាងទំនុកចិត្ត និងការជំរុញសាមគ្គីភាពសកលឡើងវិញ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅរកសន្ដិភាព វិបុលភាព ការរីកចម្រើន និងចីរភាពសម្រាប់ទាំងអស់គ្នា», សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេចបានប្ដេជ្ញាថា នឹងធ្វើការ​យ៉ាង​ជិត​ស្និទ​ជាមួយរដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិដ៏ឧត្តុង្គឧត្តម ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួមឆ្ពោះទៅគោលដៅអភិវឌ្ឍន៍។

ក្រៅពីការក្តីកង្វល់ពាក់ព័ន្ធនឹងការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ដ្រនយោបាយ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការប្រែប្រួលអាកាសធាតុ ក៏គំរាមកំហែងដល់អត្ថិភាព​នៃមនុស្ស​ជាតិ​ផងដែរ បើគ្មានសកម្មភាពប្រកបដោយមហិច្ឆតា និងបន្ទាន់ទេនោះ ពិភពលោក​នឹងជួប​ប្រទះ​ការកើនឡើង នៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និងវដ្ដដ៏ជ្រាលជ្រៅ​នៃ​អស្ថិរភាព និងជម្លោះ។

ឆ្លើយតបនឹងកង្វល់ទាំងឡាយដែលបានគូសរំលេចខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូស​បញ្ជាក់ថា ឥលូវនេះជាវេលា​ចាំ​បាច់ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តផ្នែកសន្ដិសុខជាយុទ្ធសាស្ដ្រ​រវាងប្រជាជាតិទាំងអស់ និងទំនុក​ចិត្តទៅលើប្រព័ន្ធសកលដែលផ្អែកលើវិធានច្បាប់។ ការណ៍នេះ​តម្រូវឱ្យរដ្ឋទាំងអស់ គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្ដរជាតិ រួមទាំងគោលដៅ​ដែល​មានចែង​ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕