(ញូវយ៉ក, អាមេរិក)៖ តាមរយៈសុន្ទរកថាក្នុងសម័យប្រជុំលើកទី៧៨ នៅអង្គការសហប្រជាជាតិ (UN) នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀតផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា កម្ពុជា នឹងខិតខំបន្ថែមទៀតដើម្បីពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ​ចីរភាព និងវិបុលភាពរួម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជា មិនអនុញ្ញាតឱ្យមានមូល​ដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។ កម្ពុជាមិនអនុញ្ញាត​ឱ្យ​ប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀត។ កម្ពុជា នឹងខិតខំបន្ថែមទៀតដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំង​ពិភព​លោក តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់យើង»

ដោយឡែក សម្រាប់នយោបាយការបរទេសវិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូស​បញ្ជាក់ថា កម្ពុជា នឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសបច្ចុប្បន្ន​ដែលឯករាជ្យ អព្យាក្រឹត ផ្អែក​លើវិធានច្បាប់ គោរពគ្នាទៅវិញទៅមក ដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ នៃធម្ម​នុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមប្រើប្រាស់ ឬការប្រើ​ប្រាស់ កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯក​រាជ្យ​ណាមួយ។

គួរជម្រាបថា ការប្រកាសនៅអង្គការសហប្រជាជាតិរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅពេល​នេះ គឺកាន់តែឱ្យពិភពលោកបានយល់ច្បាស់ថា កម្ពុជាមានជំហររបស់ខ្លួន និងឯករាជ្យភាព​ច្បាស់​លាស់ក្នុងនាមជារដ្ឋអធិបតេយ្យ ហើយគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់​ជាតិ។ លើសពីនេះ បានធ្វើឱ្យប្រទេសនៅលើពិភពលោកជឿជាក់លើកម្ពុជា មិនដូចជនអគតិ​មួយ​ចំនួនបានចោទប្រកាន់ថា កម្ពុជាអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេស​របស់​ខ្លួន​ឡើយ៕