(ភ្នំពេញ)៖ ក្នុងសុន្ទរកថាថ្លែងនៅមហាសន្និបាតលើកទី៧៨ របស់អង្គការសហ​ប្រជាជាតិ នៅថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់​បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ អំពីភាពចាស់ទុំខាងនយោបាយ​នៅក្នុងប្រទេស​កម្ពុជា និងភាពភ្លៀវក្លារបស់ប្រជាជនកម្ពុជាក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏មានការរីកចម្រើនជាលំដាប់ កាលពីខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការ​បោះឆ្នោត​សកល​ប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង ប្រជាជនជាង ៨.២លាននាក់បានទៅបោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤.៥៩ភាគរយ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៣។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានគូសរំលេចដែរថា ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃ​យ៉ាង​ទូលំ​ទូលាយថា សេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួម​ទាំង​អ្នក​សង្កេតការណ៍អន្ដរជាតិ ៣៣៣នាក់ មកពីប្រទេសចំនួន៦៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា កម្ពុជាក៏ដូចជាប្រទេសកំពុង​អភិវឌ្ឍន៍ជាច្រើន​ទៀត​ដែរ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០។

ក្នុងគោលដៅនេះ និងស្របតាមការអំពាវនាវរបស់អគ្គលេខាធិការ ចំពោះរដ្ឋសមាជិក​ដើម្បី​អនុវត្តន៍ «ផែនការសង្គ្រោះសម្រាប់មនុស្សជាតិ និងភពផែនដី» រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចាត់​វិធានការជំរុញបរិវត្តកម្ម តាមរយៈការដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដែលទើបបានប្រកាសជា​របៀបវារៈ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ៕