(ញូវយ៉ក, អាមេរិក)៖ ក្នុងសុន្ទរកថានាសម័យប្រជុំលើកទី៧៨ នៅអង្គការសហប្រជាជាតិ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០។
ក្នុងសុន្ទរកថានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាការបង្ហាញឱ្យឃើញការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលដើម្បីកសាងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុទ្ធសាស្ដ្របញ្ចកោណ នឹងចាប់ផ្ដើមអនុវត្តពីដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
សម្តេចធិបតី បានបញ្ជាក់ដូច្នេះ «គោលដៅចម្បងនៃយុទ្ធសាស្ដ្រនេះរួមមាន ម្យ៉ាងរក្សាចលនការនៃសុខសន្ដិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម្យ៉ាងទៀត កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍ ប្រទេសជាតិ តាមរយៈការកសាងភាពធន់ នៃវិស័យទាំង៥រួមមាន វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនធានមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជោគជ័យនៃយុទ្ធសាស្ដ្របញ្ចកោណ»។
សម្តេចធិបតី បានបញ្ជាក់ដែរថា កម្ពុជានឹងខិតខំពន្លឿនការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈដំណើរដោយប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់។ កម្ពុជានឹងការពារឱ្យបានជាដាច់ខាតនូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ទន្ទឹមនឹងការខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច យើងនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហើយបន្ដស្វាគមន៍ការគាំទ្រទាំងឡាយពីប្រទេសដៃគូជាមិត្ត ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជួយឲ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន ព្រមទាំងជំរុញសមាហរណកម្មនៅក្នុងតំបន់ និងពិភពលោក៕