(ញូវយ៉ក, អាមេរិក)៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នា២០២៣ ម៉ោងនៅញូវយ៉ក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា។ វេទិកានេះរៀបចំឡើងដោយធុរជនអាមេរិក និងកម្ពុជា ដើម្បីពង្រីកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។

ខាងក្រោមនេះ គឺជាសម្រង់ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា៖

ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការធ្វើជាអធិបតីក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែល ឆ្លុះបញ្ចាំងនូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ដោយឈរលើ មូលដ្ឋានគោរពគ្នាទៅវិញទៅមក ការផ្តល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួម។

វេទិកានៅថ្ងៃនេះ ត្រូវបានតៀបចំឡើងនៅក្នុងពេលវេលាដ៏សមស្រប និងមានសារៈសំខាន់​ដល់​ប្រទេស​ទាំងពីរ ក្នុងខណៈសេដ្ឋកិច្ចសកលបន្តរងផលប៉ះពាល់ដោយភាពមិនប្រាកដប្រជា ដែល​បណ្តាលមកពីបញ្ហាប្រឈម និងនិន្នាការសកលសំខាន់ៗ។

ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅជូនសហប្រធានទាំងពីរ គឺសភា​ពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បី​លើកកម្ពស់កាលានុវត្តភាពធុរកិច្ច វិនិយោគ ពាណិជ្ជកម្ម ក៏ថូចជាការពង្រឹងទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេសទាំងពីរផងដែរ។

ជាការពិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺពិតជាបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញ​ទៅមកជាច្រើន។ សហរដ្ឋអាមេរិកនឹងទទួលបានអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រ និងកម្លាំងពល​កម្មវ័យក្មេងដែលមានថ្លៃឈ្នួលទាប ព្រមទាំងមានជំនាញសមស្របសម្រាប់វិស័យកម្មន្តសាល។ ការណ៍នេះ បានធ្វើឱ្យតម្លៃទំនិញផលិតនៅកម្ពុជាមានតម្លៃទាប​សម្រាប់អ្នកប្រើប្រាស់នៅ​សហរដ្ឋ​អា​មេរិក ខណៈកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក និងកម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរ​ណាស់​មកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៥០ ដែលទំនាក់ទំនងការទូតប្រទេសទាំងពីរ ត្រូវបានបង្កើត​ឡើង​ជាលើកដំបូង ដោយមានការធ្វើឱ្យប្រសើរឡើងជាលំដាប់នូវទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ។ ទំនាក់ទំនងសេដ្ឋកិច្ច ក៏បានរីកលូតលាស់យ៉ាងឆាប់រហ័ស លំហូរពាណិជ្ជកម្មទ្វេភាគី បានឈានដល់ទំហំ ១៣.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយសហរដ្ឋអាមេរិក នៅបន្ត​ជា​ទីផ្សារនាំចេញធំបំផុតសម្រាប់កម្ពុជា។ ជាពិសេសសម្រាប់ទីផ្សារសម្លៀកបំពាក់ វាយនភណ្ឌ ស្បែក​ជើង និងផលិតផលសម្រាប់ការធ្វើដំណើរ។ តែការវិនិយោគដោយផ្ទាល់ពី​សហរដ្ឋអាមេរិ​ក​នៅ​កម្ពុជា មានកម្រិតទាបនៅឡើយ បើទោះបីជាសហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅ​ក្នុង​សកលលោក។ នៅកម្ពុជា ទំហំវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិក បានបន្តកើនឡើងពី ២២៥លាន​ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១០ បានកើនឡើងដល់ ៨៩៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ​២០២២។

សាជីវកម្មពហុជាតិអាមេរិក ដែលវិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Ford កូកា-កូឡា Tiffany និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងនៃកំណើនទំហំទីផ្សារកម្ពុជា និង​ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា។

ជាមួយនឹងសុខសន្តិភាពពេញលេញ កម្ពុជារក្សាបានយ៉ាងរឹងមាំនូវសណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ។ ដូចសហរដ្ឋអាមេរិកដែរ កម្ពុជា ជឿជាក់លើសេរីភាព និងបាន​ចាក់ឫសក្នុងលទ្ធិប្រជាធិបតេយ្យ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជា មាន​ការ​តាំងចិត្តខ្ពស់ក្នុងការគោរពអនុវត្តន៍តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិ​មនុស្ស។ សម្រាប់វិនិយោគិនបរទេស ប្រទេសដែលមានស្ថិរភាពនយោបាយ និងមានកំណើន​សេដ្ឋកិច្ចឆាប់រហ័ស គឺជាគោលដៅដែលវិនិយោគិនចង់បាន។ ខណៈដែលពិភពលោកកំពុងរង​ផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឱ្យឃើញ​យ៉ាងច្បាស់ថា ពិតជាមានភាពធន់ និងបានប្រយុទ្ធឈ្នះលើសមរភូមិកូវីដ-១៩ ទាំងស្រុង។

ក្នុងនាមជាប្រទេស ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋពេញលេញ និងបើកដំណើរការប្រទេស​បាន​ឆាប់រហ័ស ទោះបីជាមានភាពវឹកវរនៅក្នុងសេដ្ឋកិច្ចសកល កម្ពុជាបានខិតខំប្រឹងប្រែង និងសម្រេច​បាន​នូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥.៦ភាគរយ នៅឆ្នាំ២០២៣នេះ។

យើងមានឆន្ទៈដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុង​រយៈពេល២៥ឆ្នាំទៅមុខ យុទ្ធសាស្ដ្រនេះកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងការរីកចម្រើនលើផ្នែក​ឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម យុទ្ធសាស្ដ្រនេះបានផ្ដោតសំខាន់លើការ​អភិវឌ្ឍមូល​ធនមនុស្ស និងបច្ចេកវិទ្យាឌីជីថល។

ខ្ញុំសូមគូសបញ្ជាក់ថា គោលដៅចម្បងនៃយុទ្ធសាស្ដ្រនេះ គឺមាន២ផ្នែក មួយផ្នែកដើម្បីរក្សា​ចលន​ការ​​នៃសុខសន្ដិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងមួយផ្នែកទៀត គឺដើម្បីកសាង និង​ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន​នៃ​វិស័យ​ចំនួន៥ មានដូចជា៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហរិញ្ញវត្ថុ វិស័យមូលធន​មនុស្ស និងសង្គម និងវិស័យបិរស្ថាន ព្រមទាំងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែល​ឧកញ៉ា គួច ផេង បានបកស្រាយមុននេះ ដោយមានការប្ដេជ្ញាថា ក្នុងការកសាងស្ថាប័នរឹងមាំ និងមានបរិយាប័ន្ន។

រាជរដ្ឋាភិបាល នឹងបង្កើនសន្ទុះការកែទម្រង់ស្ថាប័នគន្លឹះ និងដាក់ចេញនូវវិធានការនានា ដើម្បីដោះ​ស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ដែលកម្ពុជាបានជួបប្រទះនាពេលកន្លងមក ជាពិសេស​បញ្ហា​បរិយាកាសធុរកិច្ច និងការវិនិយោគ ដែលត្រូវបានចាត់ទុកថា ជាបញ្ហាចម្បងជះឥទ្ធិពលជា​អវិជ្ជ​មាន​ដល់ការប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងទីផ្សារអន្ដរជាតិ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល នឹងយកចិត្តទុកដាក់ជាពិសេសលើកត្តាសំខាន់ចំនួន៦រួមមាន៖ ១៖ ការកែលម្អនីតិវិធីរដ្ឋបាល, ២៖ ការកាត់បន្ថយចំណាយបន្ទុកលើការដឹកជញ្ជូន និងឡូជីស្ទិក, ៣៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ដូចជា ផ្លូវ ស្ពាន កំពង់ផែ អាកាសយាន​ដ្ឋាន ផ្លូវអយស្ម័យ​យាន និងការផ្គត់ផ្គង់អគ្គិសនី ដើម្បីលើកកម្ពស់ការតភ្ជាប់ និងលើកកម្ពស់ពាណិជ្ជកម្ម (នៅចុង​ឆ្នាំ២០២៣នេះ យើងនឹងបើកដំណើរការអាកាសយានដ្ឋានខ្នាតធំ មួយនៅសៀមរាប និងមួយទៀត​នៅភ្នំពេញ ក្នុងដើមឆ្នាំ២០២៤ ដើម្បីសម្រួលកំណើន), ៤៖ ការជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញ នេះជាកិច្ចការសំខាន់ព្រោះធនធានមនុស្ស គឺជាកត្តាគន្លឹះ ក្នុងការទាក់ទាញ និងរួម​ចំណែកក្នុងដំណើរការនិវត្តរបស់យើង, ៥៖ ការកែលម្អអភិបាលកិច្ចល្អ, ៦៖ ការដាក់ចេញឱ្យ​អនុវត្តន៍ នូវច្បាប់វិនិយោគបើកចំហរ និងទំនើប ច្បាប់នេះនឹងផ្ដល់នូវការលើកទឹកចិត្ត ដើម្បីទាក់​ទាញវិនិយោគប្រកបដោយគុណភាព និងវិស័យអាទិភាពមួយចំនួនដូចជា បច្ចេកវិទ្យា រថយន្ដ​អេឡិក​ត្រូនិក ថាមពលបៃតង និងសុខាភិបាលជាដើម។

ខ្ញុំសូមគូសបញ្ជាក់ថា ច្បាប់នេះក៏បានបញ្ចូលនូវទស្សនទានដែលអនុញ្ញាតឲ្យយើងអាចបត់បែន ឆ្លើយតបតម្រូវការវិស័យឧស្សាហកម្ម ឬវិនិយោគិន ហើយយើងអាចបត់បែន និងប្រកួតប្រជែងកាន់​តែខ្លាំង និងកាន់តែប្រាកដនិយម ក្នុងការទាក់ទាញ់ និងឆ្លើយតបសេចក្ដីត្រូវការរបស់វិនិយោគិន។

បន្ថែមលើការដាក់ចេញវិធានការកែទម្រង់គន្លឹះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដកិច្ចសន្ទនាជាមួយ​វិស័យ​ឯកជន តាមរយៈការរៀបចំវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ឲ្យបានទៀតទាត់។ ខ្ញុំនឹង​ធ្វើ​ជាធិបតីភាពដោយផ្ទាល់ ដើម្បីស្ដាប់នូវបញ្ហាប្រឈម និងក្ដីកង្វល់ ព្រមទាំងសំណូម​ពរពី​សំណាក់​ធុរជន និងវិនិយោគិនជាតិ និងអន្ដរជាតិ ព្រមទាំងផ្ដល់នូវដំណោះស្រាយ និងវិធានការ​ឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិការាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៩ ដែលវេទិកានេះ គឺជាយន្ដការដ៏មានប្រសិទ្ធភាព សម្រាប់ដោះស្រាយបញ្ហា​ការវិនិ​យោគ និងកែលម្អបរិយាកាសធុរកិច្ច ព្រមទាំងការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងខណៈការជួប​ប្រទះវិបត្តិសេដ្ឋកិច្ចសកល។ ខ្ញុំបានចាត់ចែងឲ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋ​មន្ដ្រី​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជួបពិភាក្សាជាមួយគ្រប់វិស័យ ដែលយើងអាចបូក​សរុ​ប​បានគ្រប់ជ្រុងជ្រោយ អំពីតម្រូវការ និងកត្តាប្រកួតប្រជែងអ្វីខ្លះដែលធុរជនត្រូវការ ដូច្នេះយើងអាច​ផ្ដល់​នូវដំណោះស្រាយដែលមានប្រសិទ្ធភាព ក្នុងកំលុងពេលនេះ។

សេដ្ឋកិច្ចពិភពលោកមានភាពប្រទាក់ក្រឡាគ្នា និងពឹងផ្អែកគ្នាកាន់តែខ្លាំង។ ស្ថានភាពនៃសេដ្ឋកិច្ច​ប្រទេស​មួយ ងាយរងផលប៉ះពាល់យ៉ាងឆាប់រហ័ស ពីស្ថានភាពនៃសេដ្ឋកិច្ចរបស់ប្រទេស​ដទៃៗ​ទៀត តាមរយៈការប្រទាក់ក្រឡានេះ។ ជាពិសេស ទៅលើសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ការណ៍នេះបញ្ជាក់ថាការលើកកម្ពស់ជាប្រចាំ នៃកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេស និង​ប្រទេស ក្នុងទម្រង់ជាពាណិជ្ជកម្ម និងការវិនិយោគ ឬកិច្ចសហប្រតិបត្តិការ ពិតជាផ្ដល់ផល​ប្រយោ​ជន៍​ឱ្យគ្នាទៅវិញទៅមកយ៉ាងច្រើន។

ប្រទេសកម្ពុជានៅតែបន្ដពង្រីកទំហំទីផ្សារខ្លួន តាមរយៈការធ្វើសមាហរណកម្មទៅក្នុងខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុ​ភាគី។ យន្ដការទ្វេភាគី ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ, និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុង​​ជ្រោយ​តំបន់ (RECP)។

ដើម្បីបម្រើជាច្រកនាំចេញឱ្យកាន់តែធំទូលាយ ក្នុងការនាំចេញទំនិញដែលផលិតដោយ​សាជីវកម្ម​ពហុជាតិអាមេរិកនៅកម្ពុជា។ ខ្ញុំមានសេចក្ដីសោមនស្ស សូមអញ្ជើញវិនិយោគិន និងធុរជនសហ​រដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីសក្ដានុពលរបស់កម្ពុជា។ ហើយនៅដើមឆ្នាំនេះ ខ្ញុំមានឱកាស​បាន​ជួប​ប្រតិភូសហរដ្ឋអាមេរិក ដែលរៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងសភា​ពាណិជ្ជ​កម្មអាស៊ាន ហើយខ្ញុំសង្ឃឹមថា នឹងមានឡើងជាប្រចាំ ហើយកម្ពុជារីករាយកុ្នុង​ការស្វាគមន៍ និងជួបពិភាក្សាការងារ ជាមួយសមាជិករដ្ឋាភិបាលថ្មីរបស់ខ្ញុំ។

ខ្ញុំសង្ឃឹមថា វិនិយោគិននឹងឃើញពីកាលានុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពី​សក្ដានុ​ពល​សេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ យើងមានពាក្យស្លោក «បានឃើញម្ដង ប្រសើរជាង​បាន​ឮមួយពាន់ដង» ដូច្នេះសូមវិនិយោគិនមកស្វែងយល់អំពីកម្ពុជា។

រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់កាលានុវត្តនភាពសម្រាប់បង្កើត ប្រតិបត្តិការ និងការពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈម ទាំងបញ្ហាចាស់ និងថ្មី ដើម្បីជំរុញ​សន្ទុះនៃការអភិវឌ្ឍវិស័យឯកជនឲ្យបានពេញលេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ទៅវិញទៅមក និងវិបុលភាពរួម​ប្រកបដោយ​បរិយាបន្ន។ ការណ៍នេះអ្នកទាំងអស់ក៏បានដឹងអំពីប្រវត្តិសិក្សាលើផ្នែកសេដ្ឋកិច្ចរបស់ខ្ញុំផងដែរ។

ថ្មីៗនេះខ្ញុំមិនបានលូកដៃទីផ្សារពេកទេ ប៉ុន្ដែវាត្រូវមានបទប្បញ្ញត្តិច្បាស់លាស់ ក្នុងការលើកកម្ពស់​ការអភិវឌ្ឍប្រកបដោយបរិយាបន្ន វិស័យឯកជនអាចនឹងសកម្មខ្លាំងក្នុងកិច្ចការនេះ។ ខ្ញុំជឿថា ធុ​រ​ជន យល់ច្បាស់អំពីធុរកិច្ចច្បាស់ជាងរដ្ឋាភិបាល រាជរដ្ឋាភិបាលមានតួនាទីគាំទ្រផ្ដល់នូវក្របខ័ណ្ឌ​ការងារ និងកត្តាចាំបាច់ផ្សេងទៀត។ ចំណែករាជរដ្ឋាភិបាលថ្មីរបស់ខ្ញុំ គឺបានជួបជាមួយវិស័យ​ឯក​ជននៅកម្ពុជា ដើម្បីបន្ស៉ីគ្នា និងជាដៃគូដ៏សកម្ម ហើយវិស័យឯកជនមិនត្រឹមតែជាអ្នកប្រឹក្សាក្នុង​ការ​ផ្ដល់គំនិតយោបល់ប៉ុណ្ណោះទេ ដូចជាពេលយើងទទួលបានកិច្ចព្រមព្រៀង វិស័យឯកជនគឺជាតួអង្គ​ក្នុងការអនុវត្ត។ វិស័យឯកជនត្រូវចូលរួមអនុវត្តកិច្ចព្រមព្រៀងដ៏សំខាន់របស់រដ្ឋាភិបាល ដូច្នេះ​ប្រសិន​បើរដ្ឋាភិបាលមាននូវវិស័យឯកជន ដែលដើរតួនាទីបានល្អ មិនបានប្បញ្ញតិ្ដបង្កើត​ដោយ​វិស័យឯកជន ឬរដ្ឋាភិបាលឡើយ រដ្ឋាភិបាលនឹងផ្ដល់ឱកាសឱ្យឯកជនចូលរួមកិច្ចការកាន់​តែច្រើន​នេះគឺជាចក្ខុវិស័យរបស់ខ្ញុំ។

យើងសង្ឃឹមថា វិស័យឯកជននឹងក្លាយជាដៃគូកាន់តែសំខាន់របស់យើង ហើយយើងនឹងដាក់ចេញ​នូវយន្ដការថ្មីៗ នាពេលអនាគត។ យើងសង្ឃឹមថា យើងនឹងក្លាយជាតួអង្គ និងជាដៃគូយ៉ាង​សកម្ម​ជាមួយគ្នា ដូចទៅនឹងពាក្យស្លោកថា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ នេះគឺជាទស្សនទានរបស់​យើងនាពេលអនាគត ហើយយើងចង់ឃើញវិស័យឯកជន នឹងចូលរួមកាន់តែសកម្មថែមទៀត។

យើងសង្ឃឹមថា វត្តមាននៅទីនេះ នឹងជាឱកាសក្នុងការពិភាក្សារវាងធុរជនរបស់កម្ពុជា និងធុរជន​អាមេរិក ជួបពិភាក្សាគ្នា និងបង្កើតទំនាក់ទំនង ស្វែងយល់ពីគ្នា ហោចណាស់បានប​ង្កើតមិត្តថ្មី​បន្ថែមទៀត ហើយពេលទៅទស្សនាកម្ពុជា អ្នកនឹងមិនបារម្ភក្នុងការវង្វេងផ្លូវឡើយ ព្រោះមាន​មិត្ត​ភ័ក្ដនៅទីនោះ។

នេះជាកិច្ចការសំខាន់ដែលមនុស្សគ្រប់រូបបង្កើតបណ្ដាញ តាមរយៈការវិនិយោគ និងគ្រប់ទម្រង់ ព្រមទាំងជាមូលដ្ឋាននៃការបង្កើតទំនាក់ទំនង រវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន ហើយខ្ញុំសង្ឃឹមថា ធុរកិច្ចរបស់យើង ធុរកិច្ចកម្ពុជា និងសហរដ្ឋអាមេរិក អាចបង្កើនទំនាក់ទំនង និងចាប់យកឱកាសមិនត្រឹមតែក្នុងវិស័យធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែក៏បង្កើនក្នុងកិច្ចទំនាក់ទំនងជា​មួយគ្នាផងដែរ ហើយក៏សង្ឃឹមថាតាមរយៈចលនានេះ យើងអាចពង្រីកបន្ថែមនូវ​កិច្ចសហប្រតិ​បត្តិការរវាងប្រទេសទាំងពីរកាន់តែទូលំទូលាយ៕