(ញូវយ៉ក, អាមេរិក)៖ លោក អង់តូនីញ៉ូ ហ្កូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងកោតសរសើរគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺមានភាពបន្ស៉ីគ្នាជាមួយនឹងគោលអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។
ការកោតសរសើរនេះ បានធ្វើឡើងក្នុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងនៅញូវយ៉ក) នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
យោងតាមសេចក្តីជូនព័ត៌មានរបស់ស្តីពីលទ្ធផលជំនួប បានឱ្យដឹងថា ក្នុងជំនួបនោះ លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេសប្រទេសមានប្រាក់ចំណូលទាប ត្រូវរៀបចំឱ្យបានច្បាស់លាស់នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដោយធ្វើឱ្យមានភាពបន្ស៉ីគ្នាជាមួយគោលដៅអភិវឌ្ឍន៍ប្រកបចីរភាពរបស់អង្គការសហប្រជាជាតិ។
និយាយដល់គោលនយោបាយអភិវឌ្ឍន៍នេះ លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្របញ្ចកោណដែលបានន្ស៉ីគ្នាជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់ និងបន្ស៉ី ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
ផ្អែកលើបំណងនេះ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាចង់ទទួលបានការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបាន និងដែលជាចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីថា កម្ពុជាគួរជឿជាក់ចំពោះប្រព័ន្ធអង្គការសហប្រជាជាតិ ដែលតែងតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រ, ការអនុវត្តគោលការណ៍នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ក្រោមស្មារតីឈ្នះ-ឈ្នះ។ ក្នុងន័យនេះ, អង្គការសហប្រជាជាតិ នឹងបន្ត គាំទ្រ និងសហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យនៅក្នុងមាគ៌ានៃការរៀបចំគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា យុទ្ធសាស្ដ្របញ្ចកោណ នឹងចាប់ផ្ដើមអនុវត្តពីដំណាក់កាលទី១ គឺផ្តោតជាសំខាន់ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។យុទ្ធសាស្ត្រនេះមានបាវចនាចំនួន៥ គឺកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា៕