(ញូវយ៉ក, អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជម្រាបលោក អង់តូនីញ៉ូ ហ្កូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិថា កម្ពុជាមានសុច្ឆន្ទៈខ្ពស់ពាក់ព័ន្ធសិទ្ធិមនុស្ស។
ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិនាថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សម្តេចធិបតី បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស កម្ពុជាបន្តការកសាងសង្គមមួយ ដោយឈរលើការគោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបអគ្គលេខាធិការអង្គការសហប្រជាជាតិដែរថា សម្តេចបានចុះហត្ថលេខាឱ្យបន្តមានការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជាបន្តទៀត ដែលនេះជាតឹកតាងបង្ហាញឱ្យឃើញច្បាស់ពីស្មារតីរបស់កម្ពុជាលើបញ្ហាសិទ្ធិមនុស្ស។ ពាក់ព័ន្ធការិយាល័យសិទ្ធិមនុស្សនេះ ប្រទេសតំបន់អាស៊ី-អាគ្នេយ៍ មិនត្រូវបានអនុញ្ញាតឱ្យមានទៀតនោះឡើយ។
បញ្ហានៃការគោរពសិទ្ធិមនុស្សជារឿងចម្រូងចម្រាស់មួយនៅកម្ពុជា។ បន្ទាប់ពីស្តាប់ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយនោះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តែងការពេញចិត្តចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសិទ្ធិមនុស្សនេះ ហើយលោកបានអះអាងថា អង្គការសហប្រជាជាតិនៅតែបន្តដល់កម្មវិធីអភិវឌ្ឍន៍របស់កម្ពុជា៕
</p