(ញូវយ៉ក, អាមេរិក)៖ លោក អង់តូនីញ៉ូ ហ្កូទែរ៉េស ​អគ្គ​លេខា​ធិការអង្គការសហប្រជាជាតិ បាន​វាយ​តម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមថែរក្សាសន្តិភាពនៅលើពិភព​លោក តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមសកម្មភាពថែរក្សាសន្តិភាពនៅតាម​ប្រទេស​នានា ជាមួយអង្គការសហប្រជាជាតិ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅ​ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្រៅតែពីការវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់កម្ពុជាក្នុងកិច្ចការរក្សាសន្តិភាពនេះហើយ លោកអគ្គ​លេខា​ធិការ ក៏បានអរគុណជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញ​ការងាររក្សាសន្តិភាពនៅតាមបណ្តាប្រទេសជួបវិបត្តិនៃភ្លើងសង្គ្រាម។

ពាក់ព័ន្ធនឹងបញ្ហាសុខសន្តិភាពនេះ សម្តេចធិ​បតីនាយករដ្ឋមន្ត្រី បានរំលេចថា នៅតែមានបញ្ហា​ប្រឈម​គ្រាន់តែស្ថិតនៅក្រោមទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ។ សម្ដេចធិបតី បានរំលេចថា ការរក្សា​បានសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ចាំបាច់​ត្រូវសម្រេច​ឱ្យបាននៅក្នុងកិច្ច​ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបអគ្គលេខាធិការអង្គការសហប្រជាជាតិថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំរបស់សម្តេចធិបតី នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​សហប្រជាជាតិ ដោយមិនមានការផ្លាស់ប្តូរឡើយ។ ក្នុងនោះ កម្ពុជាបន្តចូលរួមក្នុង​កិច្ចប្រតិបត្តិ​ការ​ថែរក្សា និងកសាងសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដោយបាន​បញ្ជូនមន្ត្រីជំនាញ​ខាងដោះមីន និងជំនាញផ្សេងទៀត ទៅបំពេញបេសកកម្មក្រៅប្រទេស ដែល​មាន​ចំនួន​​ជាង ៩ពាន់នាក់ គិតមកដល់សព្វថ្ងៃនេះ។

ពាក់ព័ន្ធសុខសន្តិភាពនេះ ក្នុងនាម​ប្រជា​​ជន ​និងប្រទេសកម្ពុជា សម្ដេចអធិបតី បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ​ចំពោះអង្គការ​សហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាងសន្តិភាព និងការរៀបចំការបោះឆ្នោត​នៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់អង្គការ​សហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែលអនុញ្ញាតឱ្យ កម្ពុជាបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគតមួយ​ដ៏ត្រចះ​ត្រចង់៕

</p