(អាមេរិក)៖ លោកស្រី ផេននី វ័ង (Penny Wong) រដ្ឋមន្រ្តីការបរទេសអូស្រា្តលី បានបញ្ជាក់ជំហររបស់អូស្ត្រាលី នៅចំពោះមុខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានអះអាងក្នុងការបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងឱ្យបាននូវឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជម្នះនូវរាល់ឧបសគ្គ និងភាពខុសគ្នានៃទស្សនៈ ដើម្បីគាំទ្រឱ្យគ្នាទៅវិញទៅមកលើគ្រប់ទិដ្ឋភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ការបញ្ជាក់ជំហររបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនេះ ធ្វើឡើងបន្ទាប់ពីបានស្តាប់នូវជំហរ និងទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងបានជួបពិភាក្សា នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងជំនួបពិភាក្សាការងារនោះ បន្ទាប់ពីការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី និងគណៈប្រតិភូ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអំពីជំហររបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអូស្ត្រាលី ក្នុងវិស័យសក្ដានុពល ទាំងក្រោមយន្តការទ្វេភាគី និងពហុភាគី។ លោកស្រីបានស្វាគមន៍ចំពោះគោលជំហរនេះ និងបានលើកឡើងអំពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី ក៏ដូចជាគំនិតផ្តួចផ្តើមជាច្រើនទៀត ដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសនៅលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទន្ទឹមនេះ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ឱ្យអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់ច្បាស់នូវគោលដៅ និងមាគ៌ានយោបាយដែលកម្ពុជាត្រូវដើរ ក៏ដូចជាវិស័យនៃកិច្ចសហប្រតិបត្តិការ ដែលអូស្រ្តាលីអាចចូលរួមជាមួយកម្ពុជា ដូចជាវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស វិស័យពាណិជ្ជកម្ម និងវិនិយោគជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលផ្តោតយកចិត្តទុកដាក់ដល់របៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចមានការផ្តល់អាហារូបករណ៍ជូនដល់សិស្ស-និស្សិតកម្ពុជា ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការបណ្តុះបណ្តាល ធនធានមនុស្សរបស់កម្ពុជាជាសក្ខីភាពស្រាប់។

ក្រៅពីកិច្ចពិភាក្សាលើវិស័យ ដែលជាកម្មវត្ថុនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានពន្យល់បន្ថែមអំពីទិដ្ឋភាពនយោបាយ និងការកសាងសង្គមប្រជាធិបតយ្យរបស់កម្ពុជា ជូនលោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីផងដែរ។

ជាក់ស្តែងសម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានលើកឡើងអំពីការចូលរួមដ៏ច្រើនលើសលប់ របស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាភ័ស្តុតាងមិនអាចប្រកែកបាន នៃការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចធិបតីក៏បានលើកឡើងបន្ថែមទៀត អំពីជំហរដ៏គត់មត់របស់រាជរដ្ឋាភិបាល ក្នុងការបន្តធ្វើឱ្យកាន់តែប្រសើរឡើង នូវសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា រួមមានជាអាទិ៍៖ ការបន្តកែទម្រង់អភិបាលកិច្ច និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ការអនុញ្ញាតឱ្យមានអង្គការក្រៅរដ្ឋាភិបាលរាប់ពាន់ដំណើរការ និងការអនុញ្ញាតបន្តសុពលភាពអាណត្តិ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ នៅកម្ពុជា ខណៈដែលប្រទេសជាច្រើន ក្នុងតំបន់មិនអនុញ្ញាតក៏ដោយ។

បន្ទាប់ពីបានស្តាប់នូវជំហរ និងទស្សនវិស័យវែងឆ្ងាយទាំងនេះរបស់ សម្ដេចធិបតី លោកស្រីរដ្ឋមន្ត្រីការបទេសអូស្ត្រាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ជូន សម្ដេចធិបតីអំពីជំហររបស់អូស្ត្រាលី ក្នុងការបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងឱ្យបាននូវឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជម្នះនូវរាល់ឧបសគ្គ និងភាពខុសគ្នានៃទស្សនៈ ដើម្បីគាំទ្រឱ្យគ្នាទៅវិញទៅមកលើគ្រប់ទិដ្ឋភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជារួម ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ ជាពិសេស តាមរយៈទំនាក់ទំនងល្អប្រសើររវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងធុរកិច្ច និងធុរកិច្ច៕