(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងអំពីការចូលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេច ដែលគិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ជាថ្ងៃដែលសម្តេចឡើងថ្លែងសុន្ទរកថា នៅក្នុងអង្គការសហប្រជាជាតិ គឺមានរយៈពេល១ខែគត់។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចធិបតី នាយករដ្ឋមន្រ្តី បានធ្វើងឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី បានរំលឹកថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាថ្ងៃដែលសម្តេចឡើងថ្លែងសុន្ទរកថា នៅក្នុងរដ្ឋសភា អំពីគោលនយោបាយជាតិ បម្រើប្រជាពលរដ្ឋ​ ជូនដល់រដ្ឋសភា និងសាធារណជន ចំណែកឯថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅអង្គការសហប្រជាជាតិ គឺជាការបង្ហាញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេស ក៏ដូចជា ចូលរួមចំណែកក្នុងផែនការមេរបស់អង្គការសហប្រជាជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព និងការងារពាក់ព័ន្ធនឹងរឿងសន្តិសុខផ្សេងៗ។

សម្តេចក៏បានរំលឹកផងដែរ អំពីសកម្មភាពសំខាន់ៗរបស់សម្តេច ក្រោយពេលចូលកាន់តំណែងរយៈពេលមួយខែមកនេះ ដោយក្នុងនោះមានសកម្មភាពនៅក្នុងប្រទេស និងសកម្មភាពនៅក្រៅប្រទេស។

សកម្មភាពនៅក្រៅប្រទេស សម្តេចបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ហើយបន្ទាប់មកទៅបំពេញទស្សនកិច្ចនៅប្រទេសចិន រួចហើយទើបធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ លើកទី៧៨ ដែលជាការចំណាយពេលវេលាយូរជាងគេផងដែរ៕