(អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅដែលសម្តេចចេញបំពេញទស្សនកិច្ច នៅក្រៅប្រទេសម្តងៗ សម្តេចប្រឹងប្រែងស្វះស្វែងរកទីផ្សារ ដើម្បីជំរុញការនាំចេញផលិតផលរបស់កម្ពុជា ហើយការខិតខំរកទីផ្សារនេះ មិនមែនសម្រាប់ប្រយោជន៍របស់សម្តេចទេ តែដើម្បីប្រជាពលរដ្ឋ និងដើម្បីជំរុញសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។
សម្តេចបានថ្លែងថា «ខ្ញុំទៅគ្រប់កន្លែងទាំងអស់ គឺដើរទាក់ម៉ូយ ទៅប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន ជាមួយប្រធានាធិបតីកូរ៉េ ប្រជុំជាមួយមេដឹកនាំប្រទេសអាស៊ាន បង្កើតទំនាក់ទំនង និងពាណិជ្ជកម្ម ជាពិសេសការនាំចេញកសិផលយើង ហើយនៅចិនថ្ងៃមុនក៏ដូចគ្នា គឺបើកទីផ្សារអង្ករថែមទៀត ហើយការបើកនេះមិនមែនខ្ញុំនាំចេញអង្ករទេ គឺដើម្បីកសិករ រកទីផ្សារដើម្បីឱ្យគាត់ យើងហៅគេទៅវិនិយោគបន្ថែម ដើម្បីបង្កើតសេដ្ឋកិច្ចឱ្យយើងរីកចម្រើន»។
ជាមួយគ្នានេះ សម្តេចបានលើកឡើងថា នៅពេលសម្តេចបានជួបជាមួយប្រទេសនានា ដូចជាហ្វីលីពីន ឥណ្ឌាជាដើម តែងតែស្នើឱ្យមានការបើកជើងហោះហើរបន្ថែមមកកម្ពុជា ដើម្បីឱ្យមានទំនាក់ទំនងសេដ្ឋកិច្ច បង្កើតឱ្យភ្ញៀវទេសចរទៅលេងប្រទេសកម្ពុជាច្រើន ដើម្បីហុចផលដល់ប្រជាពលរដ្ឋ ក្នុងវិស័យទេសចរ។
សម្តេចសង្កត់ធ្ងន់ថា «និយាយរួមដើរទាក់ម៉ូយនេះមិនមែនទាក់ម៉ូយសម្រាប់ខ្ញុំទេ គឺទាក់ម៉ូយសម្រាប់ប្រជាពលរដ្ឋ ហើយនេះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល តាំងពីសម្តេចតេជោក៏ដូចជាគ្នា ឥឡូវនេះយើងដូចគ្នា គឺត្រូវធ្វើយ៉ាងណា ដើរមែនចំណាយពេលវេលាជិះយន្តហោះ២០ម៉ោងមែន ប៉ុន្តែមិនឱ្យខាតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទេ»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ សម្តេច បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលវេទិកានេះរៀបចំឡើងដោយធុរជនអាមេរិក និងកម្ពុជា ដើម្បីពង្រីកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ តាមរយៈវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចរំពឹងថា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ ចំនួន ១៥,៦៩២ លានដុល្លារ កើន ០.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ ចំនួន ១៥,៦៤១ លានដុល្លារ។
ទិន្នន័យដដែលនេះបានបង្ហាញថា កម្ពុជាការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ មានតម្លៃ ៣១,៩៧២ លានដុល្លារថយចុះ១៤.៥% ខណៈកម្ពុជានាំចូលទំនិញមកវិញមានតម្លៃ ១៦,២៨០ លានដុល្លារ ថយចុះ២៥.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។
ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារ ថយចុះ ៤.៨%, ចិន មានតម្លៃជាង៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាម មានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុន មានតម្លៃជាង៧៧០លានដុល្លារ ថយចុះ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង៥៦៣លានដុល្លារ ថយចុះ២៤.៦%, កាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។
ទំនិញដែលកម្ពុជាបាននាំចេញរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ៤.៥ពាន់លានដុល្លារ ថយចុះ ២០.៩%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ១ពាន់លានដុល្លារ កើនឡើង៩៨.៥%, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ នៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ ឬមួយមានតម្លៃជាង ១.៨ពាន់លានដុល្លារ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូមាន ៣០៨លានដុល្លារ កើនឡើង ៥៥.៣% និងបន្លែដែលអាចបិរភោគបាន និងឬសនឹងមើមមួយចំនួនមាន ៣៣២លានដុល្លារ កើនឡើង ២២.៣%៕