(ញូវយ៉ក, អាមេរិក)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅចន្លោះខែវិច្ឆិកា និងខែធ្នូ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះនៅសៀមរាប ហើយនៅដើមឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ។

ព្រលានយន្តហោះថ្មីទាំងពីរនេះមានតួនាទីធំក្នុងការតភ្ជាប់ផ្លូវអាកាស។ មិនត្រឹមភ្ជាប់ការហោះហើរក្នុងស្រុកប៉ុណ្ណោះទេ តែក៏សម្រាប់តភ្ជាប់ប្រទេសផ្សេងទៀត ដែលមិនហ៊ានចុះចតកាលពីមុន។

ថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា មុនការរីលរាលដាលជំងឺកូវីដ១៩ គឺមានការរីកចម្រើន ស្ថានភាពនេះមិនមែនប៉ះពាល់តែកម្ពុជានោះទេ បូករួមទាំងអាសមេរិក កាណាដា និងបណ្តាប្រទេសទូទាំងពិភពលោកផងដែរ។ កូវីដ១៩ បានផ្អាកទាំងអស់ដំណើរសេដ្ឋកិច្ចស្ទើរទាំងអស់របស់កម្ពុជា។

នៅចំពោះមុខបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល នៅខេត្តសៀមរាប ដែលជាទីក្រុងទេសចរណ៍​វប្បធម៌ មានកំណើនភ្ញៀវទេសចរឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំទៅវិញប្រហែលអាចជាខែ១១ និងខែ១២ យើងត្រូវទៅសម្ពោធព្រលាមយន្តហោះថ្មី នៅខេត្តសៀមរាប ដែលធំជាងព្រលានយន្តហោះចាស់ ២ ឬ៣ដង ស្តង់ដារអន្តរជាតិ»

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើគ្មានភ្ញៀវទេសចរនោះ មិនចាំបាច់សម្ពោធពព្រលានយន្តហោះថ្មីនោះទេ។ ការសម្ពោធព្រលានយន្តហោះថ្មី គឺកម្ពុជារំពឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិដែលអញ្ជើញមកទស្សនានៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ននេះ ក្នុងឱកាសដែលអញ្ជើញទៅបំពេញទស្សនការងារនៅតាមបណ្តាប្រទេសនានានោះ គឺសម្តេចតែងតែដាក់ប្រកូកប្រកាសឱ្យភ្ញៀវទេចរអញ្ជើញមកលេងកម្សាន្តនៅកម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ហើយដើមឆ្នាំក្រោយ ខ្ញុំនឹងសម្ពោធព្រលានយន្តហោះមួយទៀត នៅភ្នំពេញ កម្រិតអន្តរជាតិ ហើយនេះជាអ្វីដែលសម្តេចតេជោ រាជរដ្ឋាភិបាលអាណត្តិមុន»

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺលោកបានខិតខំប្រឹងប្រែងទាំងការជំរុញកំណើនសេដ្ឋកិច្ច ទាំងការកសាងទោះក្នុងដំណាក់ការកូវីដ១៩ ជាពិសេសក្នុងដំណាក់កាលដែលលំបាកបំផុតសម្តេចបានបង្ហាញឱ្យប្រជាជនឃើញថា សម្តេចតេជោ ហ៊ុន សែន មិនរត់ចោលបងប្អូនប្រជាពលរដ្ឋនោះទេ ហើយផ្ទុយទៅវិញថែមទាំងចំណាយកម្លាំងកាយចិត្ត ដឹកនាំបញ្ជាផ្ទាល់ដើម្បីដោះស្រាយការពារជីវិតប្រជាជន ព្រមទាំងធ្វើយ៉ាងណាដើម្បីជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ។

សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិ កម្រិត/លំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មីនេះ ក៏នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន ដែលមានដីបម្រុងប្រមាណ ១,០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋានផងដែរ។

ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ សាងសង់សម្រេចបានប្រមាណ៨៦ភាគរយហើយ គ្រោងដាក់ឱ្យហោះហើរសាកល្បងនៅខែមិថុនា និងហោះជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣នេះ។

ដោយឡែកសម្រាប់គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ត្រូវបានប្រកាសឡើងក្នុងដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិនផងដែរ។

ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល បញ្ជាក់ថានឹងសាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន៕