(អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀតបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បីធានាតម្លៃកសិផលរបស់ប្រជាកសិករ ហើយជាពិសេសនោះរហូតដំណាច់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏ជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្មចំនួន ២៥០នាក់ ដើម្បីពង្រាយតាមឃុំ ជួយកសិករដែលមានបញ្ហាផ្នែកបច្ចេកទេស លើការដាំដុះ និងចិញ្ចឹមសត្វផងដែរ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «កសិកម្ម គឺដាក់ចេញនូវយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយកសិផល រកទីផ្សារ រកលំនឹងផលកសិកម្ម នៅកម្រិតសមរម្យ។ ខ្ញុំនិយាយហើយ ដើរទាក់ម៉ូយភាគច្រើន គឺផលិតផលកសិកម្មរបស់យើង។ យើងបានត្រៀមកញ្ចប់ ១០០លានដុល្លារ និងអាចវិភាជថវិកាបន្ថែម បើសិនមានតម្រូវការ ដើម្បីអន្តរាគមន៍ឱ្យទាន់ពេលវេលា ក្នុងការធានានូវតម្លៃកសិកផល ក្នុងកម្រិតណាមួយដែលយើងអាចធ្វើទៅបាន»។
សម្តេចបន្ថែមទៀតថា «សម្រាក់ការងារកសិកម្មនេះដែរ យើងនឹងពង្រាយមន្ត្រីកសិកម្ម ឱ្យបានគ្រប់ឃុំដែលតម្រូវការកសិកម្ម ព្រោះបញ្ហាកសិកររបស់យើង នៅក្នុងទំនើបកម្ម ត្រូវការមានអ្នកបច្ចេកទេសជួយ ហើយរដ្ឋកន្លងទៅយើងមានអ្នកបច្ចេកទេស ប៉ុន្តែអត់គ្រប់ សម្តេចតេជោ បានអនុម័តតាំងពីអាណត្តិមុន ឥឡូវនេះ ពីនេះដល់ចុងឆ្នាំត្រូវរើស ២៥០នាក់ ហើយឆ្នាំបន្ទាប់រើសបន្ថែមទៀត ដើម្បីរុញទៅមូលដ្ឋាន រកមន្ត្រីកសិកម្មដើម្បីនៅជាមួយប្រជាពលរដ្ឋក្នុងឃុំតែម្តង ដើម្បីជួយដល់ជំនាញប្រជាកសិករ ក្នុងការដាំដុះ ចិញ្ចឹមសត្វនេះជាកិច្ចការសំខាន់»។
សម្តេចបានបន្ថែមថា ការងារក្នុងវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមិនត្រឹមតែរកទីផ្សារជូនពួកគាត់ទេ ថែមទាំងត្រៀមនូវថិវកាមួយចំនួន សម្រាប់ជួយធានាថ្លៃឱ្យបានសមរម្យ ហើយថែមទាំងរុញមន្ត្រីជំនាញ ជួយដល់ពួកគាត់ថែមទៀត៕