(ភ្នំពេញ)៖ ថ្លែងទៅកាន់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកពលរដ្ឋក្រីក្រចោលនោះឡើយ ដោយរដ្ឋបានយកចិត្តទុកដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងជីវភាពក្រីក្រជាប់ជាប្រចាំ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារសង្គមនានា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពទាបឱ្យប្រសើរឡើង។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។

សម្តេចបានមានប្រសាសន៍បន្តថា «វិធានការរបស់រាជរដ្ឋាភិបាលកន្លងទៅ គឺយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក។កន្លងទៅយើងមានការជួយ តាមរយៈការផ្តល់បណ្ណសមធម៌ ឬបណ្ណក្រីក្រ ដោយមានក្រសួងផែនការជាអ្នកវាយតម្លៃពីកម្រិតជីវភាពដែលត្រូវទទួលបានបណ្ណនេះ។ហើយប្រជាពលរដ្ឋដែលមានបណ្ណនេះ នៅពេលដែលមានជំងឺរដ្ឋនឹងចេញថវិកាជំនួសពេលទៅព្យាបាលជំងឺ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត»

សម្តេចធិបតី បន្ថែមថា ក្នុងចំណោមវិធានការអទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី ដែលត្រូវដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២៣នេះ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រី រដ្ឋនឹងការផ្តល់ការថែទាំសុខភាពឆ្ពោះទៅគ្រប់ដណ្តប់ជាសាកល ដែលក្នុងនោះគោលដៅទី១គឺ ការផ្តល់ការថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យជាង៤០ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុប១លាន៥សែននាក់។ ទី២. គឺរដ្ឋនឹងពង្រីកកម្មវិធីគាំពារសង្គមតាមការស្ម័គ្រ ពោលគឺការគិតគូរទៅលើគ្រួសារ មន្រ្តីរាជការ កម្មករ កម្មការិនី ដែលមានប.ស.ស ដោយតម្រូវឱ្យបង់តែ១៥ ៦០០រៀល ឬខ្ទង់ជាង៤ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ នោះគ្រួសាររបស់ពួកគាត់ដែលរួមមានកូន ប្តី ឬប្រពន្ធ ក៏អាចទៅទៅព្យាបាលដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋបានផងដែរ។

សម្តេចពន្យល់បន្តថា នាពេលខាងមុខ រដ្ឋនឹងនឹងបន្តពង្រីកគោលនយោបាយគាំពារសង្គមតាមរយៈគោលការស្ម័គ្រចិត្តនេះ ដើម្បីឱ្យប្រជាពលរដ្ឋដែលងាយរងហានិភ័យប្រមាណជាង៧លាន៤សែននាក់បានទទួលផលពីកម្មវិធីនេះ។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល នឹងធ្វើការបណ្តុះបណ្តាលដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស ដែលរដ្ឋគ្រោងផ្តល់ដល់យុវជនប្រមាណ១លាន៥សែននាក់។ ជាមួយគ្នាផងដែរ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងកសិករដែលមានជីវភាពលំបាក រាជរដ្ឋាភិបាលដែលដឹកនាំឱ្យគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាថា នឹងយកពន្ធដីស្រែចម្ការបស់កសិករជាដាច់ខាត ដើម្បីទុកចំណូលជូនដល់ប្រជាកសិករ។

សម្តេចបានគូសបញ្ជាក់ទៀតថា គោលនយបាយរបស់រដ្ឋទាំងនេះ គឺសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពទាប ឱ្យពួកគេអាចចាកផុតពីភាពក្រី។

សម្តេចធិបតីបានពន្យល់បន្តថា កាលពីឆ្នាំ១៩៩៧ កម្ពុជា មានអត្រាភាពក្រីក្រ ប្រមាណ ៥៤ភាគរយ ពោលគឺក្នុងចំណោមប្រជាជនពលរដ្ឋ១០០នាក់ មាន៥៤នាក់ស្ថិតក្នុងភាពក្រី។ ប៉ុន្តែបច្ចុប្បន្នអត្រាភាពក្រីក្រ មានតែ ១៧ភាគរយប៉ុណ្ណោះ។

សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងរុញឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត ដើម្បីធ្វើឱ្យជីវភាពប្រជាជនកាន់តែកើនឡើងថែមទៀត តាមរយៈធ្វើឱ្យអ្នកដែលមានជីវភាពមធ្យមឱ្យកាន់តែរីកចម្រើន និងរឹងមាំ ដើម្បីធ្វើឱ្យកម្ពុជាសម្រេចទិសដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។

យោងតាម ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កន្លងមក មូលនិធិសមធម៌សុខាភិបាល បានផ្តល់ការគាំពារផ្នែកសុខភាពជូនដល់ប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ប្រមាណ៧០ម៉ឺនគ្រួសារ  ឬស្មើនឹង២.៨លាននាក់ និងកម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមាន មេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ កីឡាករ កីឡាការិនី អ្នកធាក់ស៊ីក្លូ ព្រមទាំងបុគ្គលិកនិងអ្នកជំនាញដោះមីន ប្រមាណ១០ម៉ឺននាក់៕