(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើអង្គការសហប្រជាជាតិ (UN) មិនទទួលស្គាល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចនោះ គេមិនឱ្យសម្តេចឡើងថ្លែងនៅអង្គការសហប្រជាជាតិនោះឡើយ ហើយអង្គការសហប្រជាជាតិ បានឧទ្ទេសនាមសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចធិបតីថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «មានអ្នកមិនចង់ឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ (រាជរដ្ឋាភិបាលថ្មីនៃកម្ពុជា)។ (ខ្ញុំចង់ប្រាប់ថា) បើគេមិនទទួលស្គាល់ គេអត់ឲ្យខ្ញុំចូល (អង្គការសហប្រជាជាតិទេ)។ UN គេឧទ្ទេសនាមខ្ញុំ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា រួចទៅហើយ។ អញ្ចឹង អុំពូមីង កុំព្រួយបារម្ភថា ប្រទេសខ្ញុំដឹកនាំដោយក្រុមខុសច្បាប់ អត់ទេ។ នេះគឺជាការពិត។

បើតាមប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត វត្តមានរបស់សម្តេចនៅអង្គការសហប្រជាជាតិ គេអត់មានចាត់ទុកសម្តេចជានាយករដ្ឋមន្ត្រីខុសច្បាប់ ឬជាប្រទេសកម្រិតពីរនោះទេ គឺស្មើសិទ្ធិ ស្មើមុខស្មើមុខជាមួយប្រទេសជាសមាជិកដទៃទៀតដែរ។ ជំហររបស់កម្ពុជា នៅអង្គការសហប្រជាជាតិ គឺចង់ឱ្យពិភពលោកមានសុខសន្តិភាព ព្រោះបើពិភពលោកមិនមានសុខសន្តិភាព កម្ពុជាក៏មានបញ្ហាដូចគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា មកដល់ពេលនេះមានមេដឹកនាំប្រទេសជាមិត្តរហូតដល់ទៅប្រមាណ ៥៩ប្រទេស បានផ្ញើសារអបអរសាទរសម្តេច ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីផងដែរ ដែលបញ្ជាក់ពីចំណងការទូត ខណៈកម្ពុជារាប់អានមិត្ត គ្រប់ប្រទេស មិនថាកុម្មុយនីស្ត ឬសេរីនោះទេ។ សម្តេចធិបតី បានថ្លែងថា ការមានមិត្តកាន់តែច្រើន គឺជារឿងដែលល្អ៕