(ភ្នំពេញ)៖ ជំនួយអភិវឌ្ឍន៍ដែលរដ្ឋាភិបាលអាមេរិក បានកាត់ពីប្រទេសកម្ពុជា ចំនួន១៨លានដុល្លារអាមេរិក ក្រោយការបោះឆ្នោតសកលនាពេលកន្លងទៅនោះ, នៅពេលនេះ ត្រូវបានរដ្ឋាភិបាលអាមេរិកផ្ដល់ជំនួយទាំងអស់នោះត្រឡប់មកវិញហើយ ក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្តីទី របស់សហរដ្ឋអាមេរិក។

ក្រោយទទួលបានជំនួយទាំងមិនទាន់បានស្នើសុំផងនោះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំងដែលស្រែកក្ដែងៗថា រដ្ឋាភិបាលអាមេរិកកាត់ជំនួយនេះ ដោយសារកម្ពុជារៀបចំការបោះឆ្នោតមិនត្រូវ តើយល់យ៉ាងណាដែរនៅពេលអាមេរិកផ្ដល់ជំនួយទាំងអស់នោះត្រឡប់មកប្រទេសកម្ពុជាវិញបែបនេះ? សម្ដេចចំអកទៀតថា គួរតែកាត់យល់ដោយសាមញ្ញទៅ។

សំណួរបែបចំអករបស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយឆន្ទៈប្រជាពលរដ្ឋ ជាង៨៤ភាគរយនោះ បានដាក់ចេញក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ «បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានអ្នកខ្លះថា ក្រោយបោះឆ្នោត ហើយបោះឆ្នោតមានបញ្ហាគាត់កាត់ជំនួយ១៨លានដុល្លារ ជួបម្សិលមិញគាត់ឥលូវមិចបាច់កម្ពុជាសុំទេ គឺអាមេរិកឲ្យវិញនូវជំនួយនេះ។ ឥលូវសួរថា តើជាសារនយោបាយយ៉ាងមិច អ្នកដែលរិះគន់រៀបរាប់ទៅ កាត់យល់ទៅ បើអាមេរិកផ្ដល់ជំនួយត្រឡប់មកវិញ នៅពេលដំបូងគេផ្អាកដោយសារ គេថាការបោះឆ្នោតមានបញ្ហាមួយចំនួន ប៉ុន្ដែឥលូវគេផ្ដល់ឲ្យមកវិញដើម្បីធ្វើកិច្ចការងារបន្ដទៀត ពង្រឹងទំនាក់ទំនងទៀត។ គួរតែកាត់យល់ហើយ តើទំនាក់ទំនងកម្ពុជា-អាមេរិកយ៉ាងមិច?»

ក្រៅពីចំអករឿងជំនួយនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងទាំងអស់សំណើចនូវពាក្យដែលវិទ្យុមួយចំនួនថា លោកស្រីអនុរដ្ឋមន្ដ្រីការបរទេសស្ដីទី របស់សហរដ្ឋអាមេរិក ហៅនាយករដ្ឋមន្ដ្រីកម្ពុជាទៅសួរចម្លើយ ផ្ទុយទៅវិញសម្ដេចថា ជំនួបនោះបានពិភាក្សាគ្នាយ៉ាងច្រើន ដោយក្នុងគោលគំនិតធំ គឺចង់រកវិធីដើម្បីពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ លទ្ធផលជំនួ

សម្ដេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំបានជួបជាមួយលោកជំទាវអនុរដ្ឋមន្ដ្រីស្ដីទីក្រសួងការបរទេស មានវិទ្យុមួយចំនួនថា អាមេរិកហៅ ហ៊ុន ម៉ាណែត មកសួរចម្លើយ។ ខ្ញុំថាខ្ញុំមកប្រជុំ UN មានអ្នកណាហៅនាយករដ្ឋមន្ដ្រីនៃប្រទេសអធិបតេយ្យមួយ មកសួរចម្លើយយ៉ាងមិច? មានកិច្ចការច្រើនដែលយើងពិភាក្សា ក្នុងនោះគោលគំនិតធំ គឺចង់រកវិធីដើម្បីពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក»

គួរជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិរបស់កម្ពុជា ដែលចេញផ្សាយបានបញ្ជាក់ដែរថា ក្នុងជំនួបនោះ សហរដ្ឋអាមេរិក ប្រកាសធ្វើការជិតស្និទ្ធជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និង​អាមេ​រិក។ បន្ថែមពីលើនោះ សហរដ្ឋអាមេរិក ក៏បានប្រកាសបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍នៅ​កម្ពុជា​ឡើងវិញផងដែរ។

ក្នុងជំនួបនោះ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​សម្ដេច​ធិបតី ដែលបានអញ្ជើញ​មក​ទីក្រុងញូវយ៉ក ចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត​អង្គការសហប្រជាជាតិលើកទី៧៨។ លោកស្រី ក៏បាន​អបអរសាទរចំពោះការជ្រើសតាំងសម្តេចធិបតី ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាល​ទី៧ នៃរដ្ឋសភាផងដែរ។

លោកស្រី វ៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ស្វាគមន៍ឱកាស ពង្រីក​កិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក តាមរយៈការធ្វើការជិតស្និទ្ធជាមួយសម្តេចធិបតី និងចង់ឃើញសម្តេចធិបតី ក៏ដូចប្រទេសកម្ពុជា​ទាំងមូលទទួលបានជោគជ័យ។ កិច្ចពិភាក្សានោះ បានផ្ដោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត៕