(ញូវយ៉ក)៖ ថ្លែងចេញពីទឹកដីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មិនធ្វើបាបពលរដ្ឋ និងមិនធ្វើឲ្យពលរដ្ឋខកបំណងនោះឡើយ ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តចុះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយ «បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយក្រុមថ្មីខ្ញុំនេះ ខ្លួនខ្ញុំ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលមានរដ្ឋមន្ដ្រីថ្មីជាច្រើន ដែលទទួល គឺឆន្ទៈតែមួយ នៃការប្ដេជ្ញាចិត្ដតែមួយ»

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយរាជរដ្ឋាភិបាល គឺជាគោលនយោបាយសម្រាប់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសផ្ដល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក ជាទិសដៅសំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការជួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឲ្យពូ-មីង បងប្អូន ជឿចុះរដ្ឋាភិបាលនេះ ក៏ដូចជារដ្ឋាភិបាលអាណត្ដិមុនៗ មិនធ្វើបាបប្រជាពលរដ្ឋ ឬមួយយកប្រជាពលរដ្ឋ, ប្រទេសជាតិ បំផ្លាញជាតិ និងប្រជាជននោះទេ សូមទុកចិត្ដទុក»។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។

នេះជាការអញ្ជើញបំពេញបេសកកម្មការងារ នៅក្រៅប្រទេសលើកទី៣ហើយ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រដឹកនាំរាជរដ្ឋាភិបាល ក្នុងរយៈពេលមួយខែ៕