(ញូវយ៉ក, អាមេរិក)៖ ថ្លែងក្នុងឱកាសដែលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាថា រាជរដ្ឋាភិបាលនឹងបន្តខិតខំរុញឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យធ្លាក់ចុះជាបន្តទៀត តាមរយៈការខិតខំគៀងគរអ្នកវិនិយោគឱ្យបានច្រើន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ជាមោទនភាពណាស់ដែលយើងចប់សង្គ្រាមឆ្នាំ១៩៩៨ អត្រានៃភាពក្រីក្រពេលនោះប្រហែលជា ៥៤ភាគរយ ក្នុង១០០នាក់ មាន ៥៤នាក់ រស់នៅក្រោមបន្ទាត់ក្រីក្រនៅឆ្នាំ១៩៩៨ ហើយអត្រានៃការចុះថយរហូតដល់ឆ្នាំ២០១៧ អត្រានៃភាពក្រីក្របានចុះមកត្រឹម ៩.៤ភាគរយ ហើយបានកើនឡើងរហូតដល់ ១៧ភាគរយវិញ ដោយសារជំងឺកូវីដ១៩ ក្រៅពីនេះប្រជាពលរដ្ឋបានឡើងជីវភាពធូធារ និងមធ្យមហើយ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែម រាជរដ្ឋាភិបាល បានជួយកែរប្រែជីវភាពរបស់ប្រជាពលរដ្ឋពីឆ្នាំ១៩៩៨ ពីជីវភាពក្រីក្រ មកមានជីវភាពមធ្យម និងធូធា ដោយសារកំណើនសេដ្ឋកិច្ចមានការរីកចម្រើន និងបានធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះក្នុងបុរីរស់នៅ មានម៉ូតូ មានឡានជិះសមរម្យ ដែលនេះហើយគឺជាការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រទេសកម្ពុជា មិនមែនគ្មានអ្នកដែលមានជីវភាពក្រីក្រនោះទេ តែយ៉ាងហោចណាស់អ្នកដែលជាង ២០ឆ្នាំមុន មានជីវភាពក្រីក្រច្រើន រហូតមកដល់ឥលូវមានជីវភាពធូធារ និងមធ្យមច្រើន ខណៈដែលអ្នកមានជីវភាពក្រីក្រ នៅមានទាប ហើយរាជរដ្ឋាភិបាលនឹងខិតខំព្យាយាមធ្វើយ៉ាងណា ឱ្យអត្រាប្រជាពលរដ្ឋក្រីក្រនេះស្ថិតនៅក្នុងកម្រិតទាបថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ឥលូវនេះបងប្អូនប្រជាពលរដ្ឋ គាត់មានលទ្ធភាពច្រើន ដោយសារមានការងារ និងចំណូលបានគ្រាន់បើ គាត់អាចបង់រំលោះផ្ទះបាន ហើយឥលូវបង់រំលោះគ្រប់តែម្តង ខណៈអ្នកខ្លះបង់រំលោះទូរសព្ទ ហើយការបង់រំលោះនេះដែរវាមិនមែនជាការអីចំឡែកនោះទេ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ កម្រណាស់ដែលគេយកលុយដុល ទៅទិញផ្ទះ ទោះបីជាគេមានលុយក៏ដោយ ក៏គេមិនយកទៅទិញដែរ ព្រោះលុយដែលរកបាននេះគេត្រូវទុកមួយផ្នែកសន្សំ និងមួយផ្នែកយកទៅចំណាយលើចរន្តផ្សេងៗ៕