(ញូវយ៉ក, អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបន្តប្រឹងប្រែងជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន ខណៈទីម័រកំណត់យកឆ្នាំ២០២៥ ដើម្បីក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន។
ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាទរបស់អង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បានស្កាត់ជួបគ្នា ដើម្បីសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។
ក្នុងជំនួបនោះ សម្ដេចធិបតី និងលោកប្រធានាធិបតី បានសម្តែងការស្វាគមន៍ជូនគ្នាទៅវិញទៅមកនៅក្នុងបរិយាកាសមួយដ៏ស្និទ្ធស្នាល។ លោកប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះសម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងតែគាំទ្រទីម័រឡេស្ដេ ដូចជាការស្នើចូលជាសមាជិកទី១១ របស់អាស៊ានជាដើម។
ប្រធានាធិបតីទីម័រខាងកើត បានបង្ហាញបំណងអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីម័រឡេស្ដេ ក្នុងវេលាសមស្របណាមួយ។
សម្ដេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សាទៅលើកិច្ចការនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល។ ជាក់ស្តែងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាបន្ថែមទៅលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ លើវិស័យសក្ដានុពលមួយចំនួន ដូចជា៖ វិស័យទេសចរណ៍កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម។
លោកប្រធានាធិបតី ក៏បានស្នើឱ្យកម្ពុជាពិចារណាលទ្ធភាព ក្នុងការវិនិយោគ និងធ្វើអាជីវកម្មរួមគ្នានៅក្នុងវិស័យអាកាសចរណ៍ និងការបើកជើងហោះហើរត្រង់ ដែលនឹងកាន់តែបង្កើនភាពជិតស្និទ្ធរវាងប្រជាជន និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ។
ចំពោះទិដ្ឋភាពនៃការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល លោកប្រធានាធិបតី បានស្នើកម្ពុជាបន្តចែករំលែកបទពិសោធន៍ ក្នុងការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ក៏ដូចជាការបន្តគាំទ្រដល់បេក្ខភាពរបស់ទីម័រឡេស្ដេ ក្នុងការចូលជាសមាជិកទី១១ របស់អាស៊ាន។ លោកប្រធានាធិបតី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីម័រឡេស្ដេក្នុងការបំពេញគ្រប់លក្ខខណ្ឌតម្រូវ ដើម្បីចូលជាសមាជិកអាស៊ាន ឱ្យបានឆាប់ និងការមិនឱ្យទីម័រឡេស្ដេក្លាយជាបន្ទុកសម្រាប់អាស៊ានឡើយ។
ជាមួយនឹងការអនុម័តផែនទីបង្ហាញផ្លូវ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេកាលពីខែឧសភា ឆ្នាំ ២០២៣កន្លងទៅ លោកប្រធានាធិបតី បានស្នើឱ្យភាគីកម្ពុជាគាំទ្រចំពោះការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលអាស៊ានប្រកាសជាផ្លូវការនូវសមាជិកភាពពេញសិទ្ធិរបស់ទីម័រឡេស្តេ នៅក្នុងអាស៊ាន។
ជាកិច្ចឆ្លើយតប សម្ដេចធិបតី បានគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើនេះ ហើយកម្ពុជានឹងបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ជាពិសេសសម្រាប់ការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបានឆាប់នាពេលខាងមុខ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ប្រកបដោយសុទិដ្ឋិនិយមផងដែរថា អាស៊ានគួរតែពង្រីកបន្ថែមនូវសមាជិករបស់ខ្លួន ដើម្បីរួមចំណែកដល់ការពង្រឹងកម្លាំងនៅក្នុងតំបន់ ឱ្យកាន់តែរឹងមាំ និងមានភាពធន់៕