(បាត់ដំបង)៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំនៃសាកលវិទ្យាល័យជាតិបាត់ដំបងបាន រៀបចំកម្មវិធីសាងសមត្ថភាពជំនាញបង្រៀននៅសតវត្សទី២១ នៅក្នុងគម្រោងបណ្តុះបណ្តាលគ្រូបង្រៀនឯកទេសបំណិនជីវិត និងបច្ចេកវិទ្យា ឬជំនាញបង្រៀនសតវត្សទី២១ (21st Teach Skills) ដែលសហការផ្តល់មូលនិធិដោយសហភាពអឺរ៉ុបចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។ កម្មវិធីសិក្ខាសាលានេះមានថ្នាក់ដឹកនាំ គ្រូបង្គោល បុគ្គលិកអប់រំ និងនិស្សិតចូលរួមចំនួន៤០រូប។

កម្មវិធីនេះមានគោលបំណងបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងគរុកោសល្យដល់សិក្ខាកាមចំនួនពីរម៉ូឌុលលើប្រធានបទសំខាន់ៗចំនួន៥រួមមាន៖

១. ការរៀន និងការបង្រៀនតាមបែបសិស្សមជ្ឈមណ្ឌល
២. វីធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍ ការប្រើប្រាស់ឧទ្ទេសបង្រៀនឌីជីថល និងប្រព័ន្ធគ្រប់គ្រងការរៀន (LMS/Apps)
៣. ការវាយតម្លៃសមិទ្ធកម្មនៅថ្នាក់ឧត្តមសិក្សា
៤. ការអភិវឌ្ឍជំនាញរិៈគិតឆ្លុះបញ្ចំង រិៈគិតស៊ីជម្រៅ និងការរៀបចំមុខវិជ្ជាបង្រៀន និង
៥. ភាពច្នៃប្រឌិតនៅថ្នាក់ឧត្តមសិក្សា៖ បរិយាកាស, ការបង្រៀន, និងការរៀន

ថ្លែងក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនេះ លោកសុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានមានប្រសាសន៍ថា៖ «ការបណ្តុះបណ្តាលនេះបានរួមចំណែកពង្រឹងសមត្ថភាពបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងបានជួយលើកកម្ពស់គុណភាព នៃការអប់រំដល់និស្សិត ស្របតាមយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិ»។

លើសពីនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា៖ កម្មវិធីអប់រំរបស់សាកលវិទ្យាល័យជាតិបាត់ដំបងគ្រប់ជំនាញបានដាក់បញ្ជូលជំនាញសតវត្សទី២១ រួមមាន ការប្រា ស្រ័យ ទាក់ទង, កិច្ចសហប្រតិបត្តិការ, ភាពច្នៃប្រឌិត, និងការរិៈគិតស៊ីជម្រៅ ដើម្បីឆ្លើយតបនឹងកម្មវិធីកំណែទម្រង់ឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអនុក្រឹត្យស្តីពីក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។

សាកលវិទ្យាល័យបាននឹងកំពុងរៀបចំមាតិកាអប់រំឌីជីថលដើម្បីដាក់បញ្ជូលមុខវិជ្ជាសិក្សាសំខាន់ៗមួយចំនួនចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងការបង្រៀនម៉ូឌល(Moodle)ស្របតាមអនុក្រឹត្យស្តីពីការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា។
 
នៅក្នុងកម្មវិធីនេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកម្មវិធីព្រឹត្តការណ៍បណ្តាញដៃគូ «Networking Event» ដែលមានដៃគូក្នុងវិស័យអប់រំ ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំរបស់សាកលវិទ្យាល័យជាតិបាត់ដំបងបានចូលរួមចំនួន ៦០ នាក់ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ វឌ្ឍនភាពនៃគម្រោង និងចែករំលែកឧត្តមានុភាព ព្រមទាំងបទពិសោធន៍ទាក់ទងនឹងការរៀបចំកម្មវិធីសិក្សា និងគរុកោសល្យបង្រៀន នៅក្នុងសតវត្សទី២១។ សូមបញ្ជាក់ផងដែរថាគម្រោងជំនាញបង្រៀនសតវត្សទី២១នេះ មានគោលបំណង   សំខាន់ៗចំនួន៦រួមមាន៖

* កែលម្អគុណភាពឧត្តមសិក្សា និងការរៀនសូត្រពេញមួយជីវិត

* លើកកម្ពស់ការអប់រំដែលជាប់ពាក់ព័ន្ធសម្រាប់ទីផ្សារការងារ

* កែលម្អកម្រិតសមត្ថភាព និងជំនាញនៅគ្រឹះស្ថានឧត្តមសិក្សា

* លើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងអន្តរជាតូបនីយកម្មនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា

* ជំរុញកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យអឺរ៉ុបដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សាក្នុងវិស័យសិក្សាអំពីការអប់រំក្នុងប្រព័ន្ធឧត្តមសិក្សា

* លើកស្ទួយទំនាក់ទំនងអន្តរបុគ្គល និងការយល់ដឹងពីអន្តរវប្បធម៌

គម្រោងនេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍នៃការកសាងសមត្ថភាពនៅក្នុងវិស័យឧត្តមសិក្សា ដោយបានទទួលការការគាំទ្រហិរញ្ញវត្ថុ ដោយសហភាពអ៊ឺរ៉ុប ដែលមានដៃគូចំនួន៦ប្រទេសរួមមានប្រទេសក្រិក (សាកលវិទ្យាល័យអៃអូនីណា) ប្រទេសលីទុយអានី (សាកលវិទ្យាល័យក្លៃប៉េដា) ប្រទេសលុចសំបួរ (ក្រុមហ៊ុនណូវិនគ្រុប) ប្រទេសកម្ពុជា (សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ប្រទេសចិន (សាកលវិទ្យាល័យសៅវីស និងសាកលវិទ្យាល័យសិនហ្សិន) និងប្រទេសឥណ្ឌា (សាកលវិទ្យាល័យអន្តរជាតិស៊ីមប៊ីស៊ីស និងសាកលវិទ្យាល័យបាណាសថាលីវិទ្យាពិត)៕