(ញូវយ៉ក, អាមេរិក)៖ នៅម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុភូមិកម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មការងារនៅអាមេរិកប្រកបដោយផ្លែផ្កា និងកិត្តិយស។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជាឧត្តមភរិយា បានដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឡើងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៨ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្រៅតែពីការអញ្ជើញថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិហើយនោះ ក្នុងពេលមានវត្តមាននៅសហរដ្ឋអាមេរិកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងជជែកការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសអាមេរិក, រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌា និងប្រធានាធិបតីប្រទេសទីម័រខាងកើតផងដែរ។
តាមរយៈជំនួបទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីគោលនយោបាយការបរទេស របស់កម្ពុជា ក្នុងនាមសម្តេចជាមេដឹកនាំថ្មីរបស់កម្ពុជា ព្រមទាំងជម្រាបពីគោលនយោបាយអភិវឌ្ឍន៍ដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលថ្មី។ បន្ថែមពីលើនោះ ក៏មានការជជែកពីការពង្រឹងចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត។
លទ្ធផលនៃជំនួបទាំងអស់នោះ សុទ្ធតែទទួលបានលទ្ធផល្អ។ ក្នុងនោះអគ្គលេខាធិការធិការអង្គការសហប្រជាជាតិ បានជ្រូតជ្រាបពីនយោបាយរបស់កម្ពុជា ហើយបង្ហាញការគាំទ្រមុតមាំលើកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា។
ដោយឡែកជំនួបជាមួយអនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសអាមេរិក, រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងប្រធានាធិបតីទីម័រខាងកើត ក៏ទទួលបានលទ្ធផលល្អប្រសើរ ដោយបាននាំទៅដល់ការយល់ពីជំហរនយោបាយរបស់កម្ពុជា ព្រមទាំងប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការទាំងឡាយឱ្យកាន់តែល្អប្រសើរ។
បេសកកម្មក្រៅប្រទេសរបស់សម្តេចធិបតីផ្តោតលើគោលដៅ៣រួមមាន៖ ការទូត នយោបាយ និងសេដ្ឋកិច្ច។ ដូច្នេះនៅសហរដ្ឋអាមេរិកនេះ សម្តេចធិបតី ក៏បានស្វះស្វែងរកប្រយោជន៍សេដ្ឋកិច្ចផងដែរ ដោយសម្តេចបានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអាមេរិក និងកម្ពុជា។ ក្នុងវេទិកានោះ សម្តេចធិបតី បានលើកបង្ហាញនូវគោលនយោបាយ និងកិច្ចគាំពារជាច្រើនរបស់រាជរដ្ឋាភិបាលអ្នកវិនិយោគ ហើយសម្តេចបានទទូចឱ្យអ្នកវិនិយោគអាមេរិកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានប្រកាសផ្តល់ការគាំទ្រ និងកិច្ចគាំពារទាំងឡាយ គួបផ្សំនិងភាពអំណោយនានា គឺអ្នកវិនិយោគអាមេរិក នឹងទទួលផ្លែផ្កាលើការវិនិយោគរបស់ពួកគេ។
ការយកចិត្តទុកដាក់លើប្រជាពលរដ្ឋជានយោបាយអាទិភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនថាតែពលរដ្ឋនៅក្នុងប្រទេស ឬក្រៅប្រទេសនោះឡើយ។ ក្នុងឱកាសអញ្ជើញដល់សហរដ្ឋអាមេរិកនេះ មុនហោះមកកម្ពុជាវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចំណាយពេលវេលាជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ប្រមាណជា ២ពាន់នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រៅតែពីការបង្ហាញនូវក្តីនឹករលឹក និងសួរសុខទុក្ខហើយនោះ សម្តេចធិបតី ក៏បានជម្រាបពីលទ្ធផលការងាររបស់រាជរដ្ឋាភិបាលថ្មីក្នុងរយៈពេលមួយខែ ព្រមទាំងបង្ហាញគោលបំណងនៃដំណើរទស្សនកិច្ចក្រៅប្រទេស និងលទ្ធផលទទួលបាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីពាក់ព័ន្ធនឹងវិស័យការងារ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រ និងការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាដែលចូលរួមក្នុងពិធី។ ពួកគេបានប្រកាសគាំទ្រការដឹកនាំ និងគោលនយោបាយទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕