(ភ្នំពេញ)៖ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា ទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា-អាមេរិក ដែលអាចធ្វើទៅបាន លុះត្រាតែមានប្រយោជន៍រួមកើតឡើង។

លោកថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសន្និសីទសារព័ត៌មានមួយស្តីពីដំណើរបេសកកម្មរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ។

លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានរំលេចថា តាំងពីឆ្នាំ១៩៥៣ តាំងពីកម្ពុជាក្លាយជាប្រទេសឯករាជ្យ មិនដែលមានទេ ទស្សនកិច្ចផ្លូវការណាមួយ ពីសំណាក់ប្រធានាធិបតីអាមេរិក មកលើទឹកដីប្រទេសកម្ពុជា។ លោកបន្តថា នៅឆ្នាំ២០១២ វត្តមានលោក បារ៉ាក់ អូបាម៉ា នៅទឹកដីកម្ពុជា មិនមែនមកបំពេញទស្សនកិច្ចនៅទឹកដីកម្ពុជាទេ តែមកចូលរួមកិច្ចប្រជុំអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហើយនៅឆ្នាំ២០២៣ វត្តមានលោក ចូ បៃឌិន ក៏មិនមែនមកបំពេញទស្សនកិច្ចនៅកម្ពុជាដែរ តែមកចូលរួមកិច្ចប្រជុំអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដូចគ្នា។

«ទាល់តែមានប្រយោជន៍រួម បានធ្វើទៅបាន។ ទាំងអស់គ្នាដឹងហើយ តាំងពីឆ្នាំ២០០០មក គ្រប់ប្រធានាធិបតីអាមេរិកទាំងអស់ បានបំពេញទស្សនិច្ច នៅវៀតណាម។ ប្រយោជន៍អាមេរិក មិនច្បាស់ថាជាប្រយោជន៍កម្ពុជា (ពេលនេះ)។ [...] បើមានការជួបគ្នាផ្ទាល់ នៅក្របខណ្ឌទស្សនកិច្ចផ្លូវការណាមួយ រវាងថ្នាក់ដឹកនាំកំពូលអាមេរិក និងថ្នាក់ដឹកនាំកំពូលកម្ពុជា បើមានប្រយោជនរួម ប្រទេសទាំងពីរនឹងចាប់ដៃគ្នាទៅបាន នឹងប្រព្រឹត្តទៅទៀត។ ទំនាក់ទំនងអន្តរជាតិ ទាល់តែមានប្រយោជន៍រួម»។ នេះបើតាមលោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ។

សូមជម្រាបថា ពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញបេសកកម្មការងារនៅអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឡើងថ្លែងសុន្ទរកថាក្នុង​មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៨ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជា​ជាតិ នាទីក្រុងញូវយ៉ក សម្តេចធិបតី នាយករដ្ឋមន្រ្តី បានជួបសម្តែងការគួរសម និងជជែកការងារជាមួយអនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសអាមេរិក។

ក្នុងជំនួបនេះ ភាគីអាមេរិកក៏បានអះអាងថា ជំនួយអភិវឌ្ឍន៍ដែលរដ្ឋាភិបាលអាមេរិក​បានកាត់ពីប្រទេសកម្ពុជា ចំនួន១៨លានដុល្លារអាមេរិកក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣នោះ សហរដ្ឋអាមេរិកបានសម្រេចបន្តផ្តល់ជូនឡើងវិញ។

សហរដ្ឋអាមេរិក និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូត ឆ្នាំ១៩៥០ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង៧៣ឆ្នាំផងដែរ៕