(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញហើយនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីអញ្ជើញចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បេសកកម្មក្រៅប្រទេសលើកទី៣ របស់សម្ដេចធិបតី រយៈពេល៥ថ្ងៃនេះ សម្រេចបាននូវលទ្ធផលថ្មីៗយ៉ាងធំធេង បន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ។
ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាទ្វេភាគី ជាមួយលោក អង់តូនីញ៉ូ ហ្គូទរ៉ស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិការ បានសរសើរចំៗ ដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្ស៊ីគ្នាជាមួយគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណកម្ពុជា សម្រាប់ការបញ្ជូនមន្ត្រីចូលរួមបំពេញ បេសកកម្មដើម្បីសន្តិភាពតាមបណ្តាប្រទេសនានា។
សម្ដេចធិបតី បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ដែលបានគាំទ្រគ្រប់យ៉ាងដល់កម្ពុជា ចាប់តាំងពីការរៀបចំបោះឆ្នោតសកល នីតិកាលទី១ ឆ្នាំ១៩៩៣ និងការកាត់ទោស អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមជាដើម និងបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិដោយគ្មានការផ្លាស់ប្តូរឡើយ។
សម្ដេចធិបតី ក៏បានលើកឡើង អំពីលទ្ធផលនៃការចូលរួមរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ និងការលើកកម្ពស់ សិទ្ធិមនុស្ស ដោយផ្អែកលើច្បាប់និងគោលការណ៍នីតិរដ្ឋ។
ជាការឆ្លើយតប លោក អង់តូនីញ៉ ហ្គទរ៉ស បានបង្ហាញការពេញចិត្ត និងគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បី សម្រេចជោគជ័យ ក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។
បន្ទាប់មកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករបដិដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុង កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គី ភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីវភាពសម្រាប់ទាំងអស់គ្នា» ដោយសម្ដេចធិបតី ផ្តោតលើបរិបទពិភពលោក វឌ្ឍនភាព សង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបរិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖