(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យពន្លឿន​កិច្ច​ចរចា​សន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT) រវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅការចុះកិច្ច​ព្រម​ព្រៀង​​ជា​​មួយ​​គ្នា​ឱ្យបានឆាប់ៗនាពេលខាងមុខនេះ។

សំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។

សន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ គឺជាគំនិតផ្តួចផ្តើមមួយ ក្នុងបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា ជាមួយឥណ្ឌាឱ្យកាន់តែទូលំទូលាយថែមទៀត។ បើតាមសម្តេចធិបតី បានឱ្យដឹងថា សន្ធិសញ្ញានេះក្រុមការងារកម្ពុជា និងឥណ្ឌា បាននិងកំពុងចរចាហើយ។ ប៉ុន្តែ​សម្តេច​ធិបតី ចង់ឱ្យពន្លឿនការចរចា និងឈានដល់ការបិទបញ្ចប់នាពេលឆាប់ៗខាងមុខ។

ក្រៅតែលើកឡើងពីបញ្ហាខាងលើនេះ ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង​ដែរ​ថា ប្រទេសទាំងពីរបន្តការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងខិតខំបំពេញការងារ​ជាមួយគ្នា ឱ្យ​សម្រេចបានជាផ្លែផ្កា​ចំពោះកិច្ចព្រមព្រៀងដែល​បានចុះហត្ថលេខារួច ព្រមទាំងស្វែងរកវិស័យ​សក្ដានុពលសម្រាប់កិច្ចព្រមព្រៀងថ្មីៗទៀត។

ក្នុងជំនួបសម្តេចធិបតី និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានជជែកលើបញ្ហាសន្តិសុខ និងយោធាផង​ដែរ។ ភាគីទាំងពីរបានយល់ស្របថា គួរត្រូវពង្រឹងសហប្រតិបត្តិការ តាមរយៈការរៀបចំវគ្គ​បណ្ដុះ​បណ្ដាលកងទ័ព និងការរៀបចំការជួបជុំគ្នា សម្រាប់ធ្វើការផ្លាស់ប្តូរជាទស្សនវិស័យ និងបទពិសោធ​ន៍ ឱ្យបានទៀងទាត់ និងញឹកញាប់។

ចំពោះវិស័យទេសចរណ៍ និងវប្បធម៌វិញ រដ្ឋមន្ត្រីការបរទេសឥណ្ឌា យល់ឃើញថា គម្រោងស្តីពីនវា​នុវត្តន៍ និងអភិរក្ស គួរត្រូវបានរៀបចំឡើង ខណៈដែលប្រទេសទាំងពីរ បានទំនាក់ទំនងជា​ប្រវត្តិ​សាស្ត្រជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។

ក្នុងជំនួបនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ ចំពោះ​គំនិត​ផ្ដួចផ្ដើមនៃការលុបបំបាត់ចោលគ្រាប់មីន ដែលកំពុងមានវឌ្ឍនភាពល្អ ហើយអាចចូល​រួម​ចំណែកដល់កម្ពុជា នៅក្នុងយុទ្ធនាការនៃការលុបបំបាត់ចោលគ្រាប់មីនទាំងស្រុង នៅឆ្នាំ២០២៥៕