(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ដើម្បីបញ្ចប់រាល់ជម្លោះនៅមីយ៉ាន់ម៉ា អាស៊ានត្រូវរួបរួមគ្នាជាសំឡេងតែមួយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសឥណ្ឌា បានបង្ហាញការព្រួយបារម្ភអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ជាពិសេសការឆ្លងដែនដ៏គំហុករបស់ប្រជាជនមីយ៉ាន់ម៉ា អស្ថិរភាពតាមតំបន់ជាប់ព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនដែល មានអង្គការរៀបចំ។ លោករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាទាំងនេះទាមទារការយកចិត្តទុកដាក់ខ្ពស់ ទាំងការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបញ្ហាដែលជាឫសគល់ និងអំពីដំណោះស្រាយសមស្រប។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច និងចូលរួមជាមួយអាស៊ាន នៅក្នុងកិច្ចដំណើរការដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជម្លោះកំពុងតែរីកសាយភាយ គួរត្រូវបានដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ និងគួរមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសពីគ្រប់សមាជិករបស់អាស៊ាន។ សម្តេចធិបតី បន្ថែមថា ការផ្តល់ដំណោះស្រាយសមស្រប និងប្រកបដោយប្រសិទ្ធភាពនៅមីយ៉ាន់ម៉ា គឺជាការបង្ហាញសមត្ថភាព ភាពខ្លាំង និងការរួបរួមគ្នាជាធ្លុងមួយ ក្នុងក្របខណ្ឌអាស៊ាន ក្នុងការបំពេញតួនាទីជាយន្តការ តំបន់ដ៏មានប្រសិទ្ធភាព។
«អាស៊ានត្រូវរួបរួមគ្នាជាសំឡេងតែមួយ ដើម្បីបញ្ចប់រាល់ជម្លោះ និងត្រូវចាប់ផ្តើមផ្តល់ជំនួយដល់ប្រជាជនដែលងាយរងគ្រោះ»។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជា ធ្លាប់បានបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងបន្តផ្តល់គំនិតផ្តួចផ្តើមនានា សំដៅកសាងសុខសន្តិភាពឡើងវិញ ជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា៕