(ភ្នំពេញ)៖ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញផ្លែផ្កានៃបេសកកម្មការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសហរដ្ឋអាមេរិក។

បើតាមលោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ ពេលឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ សម្តេចធិបតី បានថ្លែងទៅកាន់ពិភពលោក ឲ្យកាន់តែច្បាស់ពីជំហរអព្យាក្រឹត្យរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ សម្តេចធិបតី បានថ្លែងក្នុងគោលដៅលើកកម្ពស់ និងតម្កល់ផលប្រយោជន៍កម្ពុជាជាធំ, កម្ពុជា ពង្រឹងមិត្តភាពដែលមានស្រាប់ និងពង្រីកមិត្តភាពបន្ថែម និងកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើកទឹកដីទេ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានថ្លែងបន្តថា សម្តេចធិបតី បានឆ្លៀតជួបជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ, រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, ប្រធានាធិបតីទីម័រលេស្តេ និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា ក៏ដូចជាឥស្សរជនប្រទេសផ្សេងមួយចំនួនទៀត។

លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានអះអាងបន្តថា ជំនួបសំខាន់ជាងគេ នៅក្រៅក្របខណ្ឌមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ គឺជំនួបជាមួយលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីសហរដ្ឋអាមេរិក ព្រោះជំនួបនេះប្រព្រឹត្តទៅដោយរាក់ទាក់ ស្និតស្នាល និងរីករាយ។ ជាមួយគ្នានេះ លោកស្រី វ៉ិចតូរីយ៉ា បាននាំដំណឹងពិសេសនោះ គឺអាមេរិកបានសម្រេចផ្តល់ឡើងវិញដល់កម្ពុជានូវទឹកប្រាក់ ១៨លានដុល្លារ តាមរយៈ USAID ដែលជំនួយនេះធ្លាប់ត្រូវបានព្យួរក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ២០២៣។ ទន្ទឹមនេះដែរ ជំនួបនេះលោកស្រី វ៉ិចតូរីយ៉ា បានសន្យាថា នឹងប្រឹងប្រែងរកមធ្យោបាយ ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា និងអាមេរិក ឲ្យឈានឡើងមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ លោកស្រី វ៉ិចតូរីយ៉ា បានជួបពរសម្តេចធិបតី និងកម្ពុជា ទទួលបានជោគជ័យផ្សេងទៀត នៅថ្ងៃមុខ។

លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានបន្ថែមថា ពេលមានទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ សម្តេចធិបតី តែងតែស្វែងរកប្រយោជន៍ដល់កម្ពុជា។ ក្នុងន័យនេះ នៅថ្ងៃទី២២ ខែកញ្ញា សម្តេចធិបតី​ បានចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដើម្បីបន្តបញ្ចុះបញ្ចូលធុរជន និងវិនិយោគិនអាមេរិក ឲ្យមកបោះទុននៅកម្ពុជា។

លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានថ្លែងទៀតថា ក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅអាមេរិក និងកាណាដា បានបង្ហាញឲ្យឃើញថា នាយករដ្ឋមន្ត្រីនៃកម្ពុជា និងខ្មែរក្រៅស្រុក មានជាក់ស្តែងមែន មានភាពស្និតស្នាល ទំនុកទុកចិត្តគ្នា និងការស្រលាញ់គ្នា៕