(ភ្នំពេញ)៖ លោក តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី វិកតូរីយ៉ា នូឡែន អនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក សុទ្ធតែសម្តែងឆន្ទៈធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែល្អប្រសើរ។
ក្នុងដំណើរអញ្ជើញទៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក លោកស្រី វិកតូរីយ៉ា នូឡែន (Victoria Nuland) ជួបពិភាក្សាការងារផងដែរ។
ជំនួបពិភាក្សាការងារជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកនេះកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាំឱ្យមានការចាប់អារម្មណ៍ខ្លាំងចំពោះបេសកកម្មការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអាមេរិក។ រឹតតែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ គឺលោកស្រី វិកតូរីយ៉ា នូឡែន បានប្រកាសផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍១៨លានដុល្លារក្នុងមួយឆ្នាំមកឱ្យកម្ពុជាវិញ បន្ទាប់ពីប្រកាសផ្តាច់ក្រោយពេលបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣។
ជំនួបនេះធ្វើឱ្យដាក់ការកត់សម្គាល់ថា តើអាចមានការវិវឌ្ឍន៍កាន់តែប្រសើរណាមួយលើទំនាក់ទំនងរវាងអាមេរិក ឬយ៉ាងណា?
ក្នុងសន្និសីទសារព័ត៌មានពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់ពីអាមេរិកវិញ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចឱ្យដឹងយ៉ាងដូច្នេះ «ពេលដែលជួបជាមួយលោកជំទាវ វីកតូរីយ៉ា នូឡែន ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងលោកជំទាវ វីកតូរីយ៉ា នូឡែន សុទ្ធតែសម្តែងនូវឆន្ទៈក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីររឹងរឹតពីប្រសើរ។ បានន័យថា ប្រសើរហើយ ឥឡូវធ្វើឱ្យរឹងរឹតពីប្រសើរ»។
បើទោះបីជាយ៉ាងណាក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងអនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក មិនទាន់និយាយពីវិធី ឬក៏មធ្យោបាយ ដើម្បីឱ្យប្រទេសទាំងពីរចាប់ដៃគ្នាឱ្យជាប់ ដើរតាមទិសដៅតែមួយនោះទេ។ ប៉ុន្តែសម្រាប់លោក ហ្សង់-ហ្វ្រង់ស័រ គួរតែមានសុទិដ្ឋិនិយមរវាងទំនាក់ទំនងកម្ពុជា និងអាមេរិក។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលជាអ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បានលើកឡើងថា «កម្ពុជា តូចខ្សោយ, អាមេរិក ជាកំពូលមហាអំណាច។ កម្ពុជា និងអាមេរិក ត្រូវរ៉ូវគ្នា និងចាប់ដៃគ្នារលាក់យ៉ាងកក់ក្តៅនៅពេលណាយើងមានប្រយោជន៍រួមគ្នា។ ប្រយោជន៍រួមគ្នានោះ អាចជាប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬប្រយោជន៍ភូមិសាស្ត្រនយោបាយ ឬនយោបាយ»។
លោក ហ្សង់-ហ្វ្រង់ស័រ បានមើលឃើញថា បច្ចុប្បន្នកម្ពុជា និងអាមេរិក មានប្រយោជន៍ផ្នែកពាណិជ្ជកម្ម ដែលអាចធ្វើឱ្យប្រទេសទាំងពីរធ្វើដំណើរទៅមុខជាមួយគ្នាបានល្អ។ លោក ហ្សង់-ហ្វ្រង់ស័រ បង្ហាញការយល់ឃើញថា ចាប់ពីពេលនេះទៅការទាក់ទាញអ្នកវិនិយោគរបស់អាមេរិក ឱ្យមកកម្ពុជាកាន់តែច្រើន នឹងផ្តល់សញ្ញាល្អនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។
លោក ហ្សង់-ហ្វ្រង់ស័រ ក៏បានលើកឡើងដែរថា កម្ពុជា និងអាមេរិក ក៏គួរចេះយោគយល់គ្នា ដើម្បីពូនជ្រុំទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ៕