(ភ្នំពេញ)៖ រឿងប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងមួយដែលសម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងទាំងក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការ​សហ​ប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។

រឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា តែងតែមានការយល់ឃើញខុសគ្នារវាងរាជរដ្ឋា​ភិបាលកម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិ ក៏ដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរ។

ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិនៅញូវយ៉ក សហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយលោក អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកស្រី វិកតូរីយ៉ា នូឡែន (Victoria Nu​la​n​d​) អនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក និងលោកស្រី ផេននី វ័ង រដ្ឋមន្ត្រីការ​បរទេស​អូស្ត្រា​លី​​ផងដែរ។

ក្នុងសន្និសីទសារព័ត៌មានពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់កម្ពុជា​វិញ​នៅព្រឹកថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ហ្សង់-ហ្វ្រង់ស័រ បានឱ្យដឹងថា ក្នុងជំនួបទាំងនោះពេលចាប់​ផ្តើមហាក់មានចោទប្រកាន់កម្ពុជា។ ប៉ុន្តែក្រោយស្តាប់ការពន្យល់របស់ម្តេចធិបតី ពួកគេបានបន្ទន់ឥរិយាបថ។

លោក ហ្សង់-ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះ «ជាទូទៅដើមដំបូង ពួកគាត់ដូចជា សឹងថាប្រើ​សម្តី​​​ថ្លៃថ្នូរ​មែនពិត ប៉ុន្តែមានលក្ខណៈចោទប្រកាន់។ ប៉ុន្តែក្រោយពីស្តាប់ការពន្យល់យ៉ាងបរិបូរណ៍ និង​យ៉ាងលំអិតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួចមក ខ្ញុំមិនអាចនិយាយ​ថា​គាត់​ទទួលទាំងស្រុងទេ ក៏ប៉ុន្តែជំហររបស់ពួកគាត់ ត្រូវបានបន្ទន់បន្តិច ក្រោយបានស្តាប់ការពន្យល់​លំអិត​ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»

សូមរំលឹកថា បើតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូស​រំលេចថា ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា បន្ទាប់ពី​បានស្តាប់ការពន្យល់របស់សម្តេចធិបតី ពាក់ព័ន្ធបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះទៅ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញការពេញចិត្ត ហើយបញ្ជាក់ថា អង្គការសហ​ប្រជា​ជាតិនៅ​តែបន្តដល់កម្មវិធីអភិវឌ្ឍន៍របស់កម្ពុជា។

បន្ថែមពីលើនេះក្នុងសុន្ទរកថា ថ្លែងក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផង​ដែរ អំពីភាពចាស់ទុំខាងនយោបាយនៅក្នុងប្រទេសកម្ពុជា និងភាពភ្លៀវក្លារបស់ប្រជាជនកម្ពុជា ក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏មានការរីក​ចម្រើនជាលំដាប់ កាលពីខែកក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកល​ប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង ប្រជាជន​ជាង ៨.២លាននាក់បានទៅបោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤.៥៩ភាគរយ ដែលជា​អត្រា​ខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។

បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រី, ការបោះឆ្នោតនេះត្រូវបានវាយតម្លៃយ៉ាង​ទូលំទូលាយថា សេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្ដរជាតិ ៣៣៣នាក់ មកពីប្រទេសចំនួន៦៥៕