(ភ្នំពេញ)៖ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា អព្យាក្រឹត្យ របស់ប្រទេសមួយ មិនអាចនិយាយពីលុយទេ តែនិយាយសុទ្ធសាធពីនយោបាយ និងយោធា។

ខុសគ្នាមិនដល់មួយសប្តាហ៍ផង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន ជាន់ដីមហាអំណាចកំពូលរបស់ពិភពលោកទាំងពីរ គឺចិន និងអាមេរិក។ នៅលើទឹកដីអាមេរិក បើ​ទោះបីជាបេសកកម្មការងារកម្មវិធីរបស់អង្គការសហប្រជាជាតិយ៉ាងណាក្តី ក៏សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អាមេរិក។

ជំនួបនោះ ក៏មានលទ្ធផលល្អ គួរឱ្យកត់សម្គាល់ផងដែរ។ ផ្តើមចេញពីជំនួបនេះ នាំឱ្យការចោទ​សួរ​ថា បានបង្ហាញណាពីនយោបាយការបរទេសរបស់កម្ពុជាជាមួយអាមេរិក គ្រាដែលកន្លងទៅគេ​ចោទ​ប្រកាន់ថា កម្ពុជាស្និទ្ធជាមួយអាមេរិកនោះ?

ឆ្លើយតបនឹងអ្វីដែលបានលើកឡើងនេះ លោក តាន់ ហ្សង់-ហ្វ្រង់ស័រ ក៏បានបង្ហាញពីនយោបាយ​អព្យាក្រឹត្យរបស់កម្ពុជា។ ជាពិសេសតាមរយៈសុន្ទរកថារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅឯអង្គការសហប្រជាជាតិ។

ក្នុងសន្និសីទព័ត៌មានពេលត្រឡប់ពីអាមេរិកនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ្សង់​-ហ្វ្រង់ស័រ បានគូសរំលេចថា ប្រសាសន៍របស់សម្តេចធិបតីនៅអង្គការសហប្រជាជាតិ ដែលរំលេច​ពីការធ្វើទំនាក់ទំនងគ្រប់បណ្តាលើពិភពលោក និងមិនអនុញ្ញាតឱ្យមានមូលដ្ឋាន​កងទ័ពបរទេស​នៅកម្ពុជា គឺជាការបង្ហាញយ៉ាងច្បាស់នូវនយោបាយការបរទេសអព្យាក្រឹត្យរបស់កម្ពុជា។

លោក ហ្សង់-ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា «សុន្ទរកថារបស់សម្តេចធិបតី នៅអង្គការ​សហប្រជាជាតិ បានបញ្ជាក់ច្បាស់ហើយ នោះគឺលក្ខណៈអព្យាក្រឹត្យ របស់ប្រទេសកម្ពុជា ទីមួយមិនឲ្យមានមូលដ្ឋានយោធាបរទេសនៅទឹកដីកម្ពុជា ហើយមិនអនុញ្ញាតឲ្យមានទ័ព ឬក្រុមបរទេសណាមួយ ប្រើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងរដ្ឋអំណាចនៃប្រទេសណាមួយ។ ពេលនិយាយពីអព្យាក្រឹត្យ មិនមែននិយាយពីរឿងលុយកាក់ទេ តែនិយាយពីនយោបាយ និងយោធា»