(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ ថា ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ជាក់ស្ដែង ការថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានាដូចជាហ្វេសប៊ុក TikTok និងបណ្ដាញសង្គមជាច្រើនផ្សេងទៀតរួចមកហើយ។
ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ចំពោះគោលបំណងមួយចំនួន ដូចមានបញ្ជាក់ជូនខាងក្រោម ដើម្បីអនុញ្ញាតឱ្យមន្ត្រីជំនាញ មានលទ្ធភាពពិនិត្យជាមុន នូវទិដ្ឋភាពបច្ចេកទេសមួយចំនួន ដូចជាខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើម៖
*ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា។
*ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីពិនិត្យភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ ការថតបែបនេះ មិនមានការបង់ប្រាក់នោះទេ។
*ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានា តាមប្រព័ន្ធអនឡាញជូនទៅអតិថិជនរបស់ខ្លួន។ រាល់ការផ្សព្វផ្សាយបែបនេះ មិនមានការបង់ប្រាក់នោះទេ។
អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា រាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាទំនាក់ទំនងមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា រៀងរាល់ម៉ោងបំពេញការងារ ហើយអាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញ ក្នុងរយៈពេល៥ថ្ងៃ នៃថ្ងៃធ្វើការងារយ៉ាងយូរ៕