(សៀមរាប)៖ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោកស្រី រួមជាមួយមន្ត្រីរាជការក្នុងខេត្ត នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ បាននាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ស្ថិតនៅវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដើម្បីចូលរួមកាន់បិណ្ឌ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
គួររំឭកថា ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ។ ជាមួយនោះប្រជាជនខ្មែរ តែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត កាន់កាប់តែប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ និងអ្នកចូលរួមទាំងអស់ បានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមមកទទួលនូវផល្លានិសង្ឃ ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ និងសូមឱ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ។
ព្រះវិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដិកាឱ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌនេះមានអត្ថន័យ ៣យ៉ាងគឺ៖
ទី១៖ ធ្វើឡើងដើម្បីឧទ្ទិសចំពោះមាតាបិតា ជីដូនជីតា ញាតិការទាំង ៧សន្ដាន ដែលបានធ្វើមរណកាលទៅ ពិសេសដល់ពពួកប្រេតនរកទាំងឡាយ ទោះញាតិសន្ដានក្ដី ឬអ្នកដទៃក្ដី។
ទី២៖ ធ្វើដើម្បីសន្សំកុសលផលបុណ្យ សុំសេចក្ដីសុខចម្រើនដែលបានកើតពីផលទានខ្លួនឯង។
ទី៣៖ ធ្វើដើម្បីរួមចំណែកលើកស្ទួយសាសនា ជាតិរបស់ខ្លួន រួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ពិសេស ដើម្បីបង្កើតនូវសាមគ្គីភាព សាមគ្គីធម៌ផងដែរ។
សូមបញ្ជាក់ផងដែរ ទេយ្យវត្ថុដែលបានយកទៅប្រគេនព្រះសង្ឃនាពេលនោះរួមមាន៖ បច្ច័យ ១,៥០០,០០០រៀល អង្គរ ២៥០គីឡូក្រាម ត្រីខកំប៉ុង ១កេស, មី ៥កេស, ស្ករ ១០គីឡូក្រាម, ទឹកស៊ីអ៉ីវ ទឹកត្រី ៨យួរ, ទឹកបរិសុទ្ធ ទឹកក្រូច ២០កេស រួមនឹងទេយ្យវត្ថុមួយចំនួនទៀតផងដែរ៕