(ត្បូងឃ្មុំ)៖ លោក ខ្វៃ អាទិត្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំព្រះធាតុ អមដំណើរដោយ លោក ជៀប ប៊ុនអៀង, លោក ឡេង ជីវិន អនុប្រធានក្រុមការងារចុះជួយឃុំព្រធាតុ និងសមាសភាពក្រុមការងារពីនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ចេីញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តស្ទឹងអង្កាញ់ និងវត្តព្រះធាតុបាស្រី ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ក៏មានលោកទ្រី ពៅ មេឃុំព្រះធាតុ សមាជិកក្រុមប្រឹក្សាឃុំ និងយុវជនឃុំបានដឹកនាំក្រុមការងារ ចូលរួមកម្មវិធីបុណ្យកាន់បិណ្ឌទី២ ចំនួន២វត្ត  គឺទី១ នៅវត្តសុវណ្ណគិរីស្ទឹងអង្កាញ់ និងទី២ នៅវត្តព្រះធាតុបាស្រី ក្នុងឃុំព្រះធាតុ ដោយក្រុមការងារបាននាំទេយ្យទាន និងបច្ច័យប្រគេនដល់គណកម្មការវត្តមានដូចជា៖ មី១កេស, អង្ករ២៥គីឡូចំនួន២បាវ, ទឹកស៊ីអីវ១យួរ ទឹកបរិសុទ្ធ២កេស ទឹកដោះគោ២កំប៉ុង ស្ករស២គីឡូ អំបិល២គីឡូ ប៊ីចេង២កញ្ចប់ ស្លារដក់១ ដែលសរុបថវិកា ១,១២៥,០០០រៀល និងបច្ច័យសម្រាប់កសាងវត្តចំនួន៦៤០,០០០រៀល។

គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ របស់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យសាសនានេះ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជេីងវត្ត តែងតែធ្វេីចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណៈកម្មការវត្តឬ ភូមិបានមូលមតិគ្នាបែងចែកជាវេនដេីម្បីផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ។

ឆ្លៀតក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា និងក្រុមការងាររ បន្តចុះពិនិត្យគម្រោងសិក្សាលើតំបន់វប្បធម៌ធម្មជាតិនិងប្រវត្តិសាស្រ្ត ទន្លេស្ងួតនៅក្នុងភូមិព្រះធាតុកណ្តាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានលើកឡើងពីផែនការប្រែក្លាយជាសហគមន៍ទេសចរណ៍អព្យាក្រឹតកាបូន ផ្តល់ប្រយោជន៍ដល់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កំណើនសេដ្ឋកិច្ចមូលដ្ឋាន និងជាពិសេសជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់៕