(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរជាតិអប្សរា បានលើកទឹកចិត្តដល់វិស័យឯកជនចូលរួមដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីបរិស្ថានរមណីយដ្ឋានតែស្រស់ស្អាត ទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដាំកូនឈើសរុប១៩០០ដើម នៅខាងត្បូងកសិន្ធុអង្គរវត្ត ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

លោកស្រីរដ្ឋមន្ត្រីបានចាត់ទុកការចូលរួមរបស់វិស័យឯកជននាពេលនេះ ថាជាការចូលរួមលើកកម្ពស់វិស័យបេតិកភណ្ឌ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលឆ្លុះបញ្ចាំងពីការចូលរួមអភិរក្សប្រាសាទ ហើយការដាំកូនឈើឡើងវិញជាផ្នែកមួយដ៏សំខាន់សម្រាប់កិច្ច ការងារអភិរក្សតំបន់បេតិកភណ្ឌរមណីយដ្ឋានអង្គរ។

លោកស្រី ភឿង សកុណា បានលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀតចូលរួមជាមួយអាជ្ញាធរជាតិអប្សរាលើកិច្ចការងារមួយនេះ ធ្វើយ៉ាងណាដើម្បីបរិស្ថានតំបន់រមណីយដ្ឋានអង្គរកាន់តែស្រស់ស្អាត ទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគារ CIMB បានលើកឡើងថា នេះជាលើកទី២ហើយដែលធនាគារ CIMB បានចូលរួមដាំដើមឈើនៅតំបន់រមណីយដ្ឋានអង្គរ ដែលលើកទី១ធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២០ នៅបរិវេណខាងមុខប្រាសាទបន្ទាយក្តី ដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ ហើយលើកទី២នេះមានអ្នកចូលរួមជាង២០០នាក់៕