(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះបំណងចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា ដែលបានដាក់សំណើទៅកាន់បក្សប្រជាជនកម្ពុជា។

ការប្រកាសស្វាគមន៍របស់ប្រមុខបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនេះ បានធ្វើឡើងបន្ទាប់ពី​មាន​​គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាលជាច្រើន បានចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។

សារសំឡេងតាមបណ្តាញសង្គមតេឡេក្រាម នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងការចង​សម្ព័ន្ធ​ភាព លើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។

សម្តេចតេជោបន្ថែមថា គណបក្សប្រជាជន​កម្ពុជា មិនព្យាយាមត្រួតត្រាទៅលើគណបក្សនយោបាយដទៃនោះទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សដទៃ ហើយចាត់ទុកគណបក្សទាំងនោះជាដៃគូស្មើភាពជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណ​បក្សធំ រីឯគណបក្សដទៃមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោត តែគ្មានកៅ​អីក្នុង​សភា ជាគណបក្សតូចតាច ឬជាគណបក្សដែលមិនស័ក្តិសមធ្វើជាដៃគូនោះទេ។ យើងផ្តល់​ការគោរពចំពោះគណបក្សទាំងអស់ ដែលចុះបញ្ជីស្របច្បាប់នៅក្រសួង​មហាផ្ទៃ»

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា «យើងពិតជាមានតម្រូវការនៅក្នុងការរួបរួមរវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅនៃការរក្សាសន្តិភាពធានាការអភិវឌ្ឍន៍រក្សាពេលវែង ចូលរួមជាមួយគ្នា ដើម្បីការពារនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារនូវរបបរាជានិយម អាស្រ័យធម្មនុញ្ញ ការពារនូវលទ្ធិប្រជាធិបតេយ្យ សិរីពហុបក្ស ការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ [...] យើងក៏មានកាតព្វកិច្ចក្នុងការកម្ចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាទៅដល់សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជារក្សានូវសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍន៍ក្នុងរយៈពេលវែង»

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា សម្តេចបានឱ្យមន្ត្រីបក្សប្រជាជនកម្ពុជា ត្រៀម​កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងអស់ ដែលនឹងចងសម្ព័ន្ធ​ភាពជាមួយបក្សប្រជាជន ហើយសម្តេចនឹងជួបជាមួយថ្នាក់ដឹកនាំបក្សសម្ព័ន្ធភាព នាពេលខាងមុខ ដើម្បីពិភាក្សាលើពង្រាងខ្លឹមសារ និងឈានទៅដល់ការចុះ​កិច្ចព្រម​ព្រៀង៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/156418