(ប៉េកាំង, ចិន)៖ ក្រុមហ៊ុន China Datang Corporation Ltd. ដែលជាក្រុមហ៊ុនផលិតថាមពលអគ្គិសនីដ៏ធំរបស់ចិន ប្រកាសបោះទុនបន្ថែមប្រមាណ ៦០០លានដុល្លារសហរដ្ឋអាមេរិក បង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់។ ការប្រកាសបែបនេះ ដោយសារតែក្រុមហ៊ុននេះ ជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងមានបំណងចូលរួមចំណែកគាំទ្រការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានជោគជ័យ។
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ គ្រាន់តែហោះដល់ប្រទេសចិនភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបក្រុមហ៊ុនធំៗរបស់ចិនចំនួនពីររួមមានក្រុមហ៊ុន China Datang Corporation Ltd. និងក្រុមហ៊ុន Genertec International Holding Co., Ltd. ដើម្បីស្វះស្វែងរកការកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ។
លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានថែ្លងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម។
លោក ចូវ ឡី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា លើគម្រោងចំនួនពីរទី១) គម្រោងវារីអគ្គិសនីស្ទឹងអាតៃអានុភាព ១២០មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និងទី២) អនុស្ថានីយ៍តង់ស្យុងខ្ពស់ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០គីទ្បូម៉ែត្រ។
សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន China Datang Corporation Ltd. និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលកន្លងមកបានបណ្តាក់ទុនវិនិយោគលើគម្រោងក្នុងវិស័យថាមពលនៅកម្ពុជា ហើយដែលបានដំណើរការដោយជោគជ័យ។
សម្តេចធិបតី ក៏បានបញ្ជាក់អំពីការគាំទ្រ និងការលើកទឹកចិត្តចំពោះគម្រោងវិយោគផ្សេងទៀតរបស់ក្រុមហ៊ុនក្នុងវិស័យថាមពល នៅប្រទេសកម្ពុជា ជាពិសេសគម្រោងដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ ក្នុងនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើការវិនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ៕