(ប៉េកាំង, ចិន)៖ ថ្នាក់ដឹកនាំធនាគាររបស់ចិន បានបង្ហាញការជឿជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជាកាន់តែរីកចម្រើន និងរឹងមាំ ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថលនេះ។ ថ្នាក់ដឹកនាំធនាគារចិន ក៏បានប្រកាសពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទាំងឡាយលើវិស័យធនាគារ និងហិរញ្ញវត្ថុជាមួយកម្ពុជា។
ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ វាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក កឺ ហាយជែវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ «ធនាគារចិនគ្រុប /BOC Group» នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
ក្នុងជំនួបនោះលោក កឺ ហាយជែវ បានថែ្លងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីការជួយជ្រោមជ្រែងរបស់ធនាគារចិនគ្រុប ក្នុងសកម្មភាពវិនិយោគរបស់ចិននៅកម្ពុជា។
លោក កឺ ហាយជែវ ក៏បានជម្រាបសម្តេចធិបតី អំពីគម្រោងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលបំណងជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវផលិតផលហិរញ្ញវត្ថុថ្មីៗ និងបទពិសោធន៍ដ៏សម្បូរបែបរបស់ធនាគារចិន។
ប្រធានធនាគារចិន បានថ្លែងកោតសសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក។ លោកក៏បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំថែមទៀត ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថលនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់នាំរបស់ធនាគារចិន។ សម្តេចធិបតី បានបង្ហាញសុទិដ្ឋិនិយមចំពោះរបាយការណ៍អំពីប្រតិបត្តិការអាជីវកម្ម ព្រមជាមួយការអបអរសាទរចំពោះជោគជ័យរបស់ធនាគារចិននៅក្នុងប្រទេសចិន, ទីក្រុងហុងកុង និងបណ្តាប្រទេសនានាលើសកលលោក រួមទាំងនៅក្នុងប្រទេសកម្ពុជា ផងដែរ។
យោងទៅលើសមិទ្ធផលរីកចម្រើន ដែលទទួលបានពីប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលជាង ១០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា, សម្តេចធិបតី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសំខាន់របស់ធនាគារចិន ក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការជំរុញពាណិជ្ជកម្មកម្ពុជា-ចិន ដូចដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃទំនាក់ទំនងដ៏សកម្មរវាងប្រជាជន និងប្រជាជន នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលពិតជាបានចូលរួមចំណែកមិនអាចខ្វះបានដល់កំណើននៃវិស័យទេសចរណ៍។ ជាងនេះទៀត សម្តេចធិបតី ក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធហិរញវត្ថុនៃប្រទេសទាំងពីរ ដែលបានសម្រួលដល់ការទូទាត់សងប្រាក់ឆ្លងដែនរវាងប្រាក់រៀល និងប្រាក់យ័ន ដែលចូលរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក, ការសម្រួលដល់ភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មឆ្លងដែនជាដើម។ល៕