(ប៉េកាំង, ចិន)៖ ក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានបង្ហាញគម្រោងវិនិយោគលើថាមពលហ្គាសក្នុងប្រទេសកម្ពុជា ជាមួយទុនដ៏សន្ធឹកសន្ធាប់ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក។ នេះជាការពង្រីកទុនវិនិយោគដ៏ធំបន្ថែមលើទុនដែលក្រុមហ៊ុនកំពុងវិនិយោគនៅកម្ពុជា។ ការពង្រីកទុនវិនិយោគនេះ ដោយសារក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំំពោះការដឹកនាំបន្តវេន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធានារក្សាបានសុខសន្តិភាព ស្ថេរភាព និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច។
គម្រោងនេះ ត្រូវបានប្រកាសដោយលោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលសម្តេចធិបតី អញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣។
ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានថែ្លងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា។
លោក វ៉ាង ប៉ូ បានអះអាងថា ក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។
ក្នុងឱកាសនោះ លោក វ៉ាង ប៉ូ ក៏បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក។ លោក វ៉ាង ប៉ូ ក៏បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែលនេះក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្តសម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា។
សម្តេចធិបតី បានសម្តែងនូវក្តីរីករាយសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ក៏បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ។
សូមបញ្ជាក់ថា ក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨។ ក្នុងឆ្នាំ២០១២ ក្រុមហ៊ុន CMEC ត្រូវបានចុះបញ្ជីក្នុងផ្សារហ៊ុនហុងកុង (Hong Kong Stock Exchange)។ ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចុប្បន្ន គឺគ្រប់គ្រងដោយក្រុមហ៊ុន China National Machinery Industry Corporation។ មុខជំនួញស្នូលរបស់ CMEC គឺផ្នែកវិស្វកម្ម ប៉ុន្តែដោយសារជាក្រុមហ៊ុនសម្ព័ន្ធអន្តរជាតិដ៏ធំមួយផងនោះ CMEC ក៏ពង្រីកមុខជំនួញលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)ព្រមទាំងសេវាអន្តរជាតិផងដែរ។
ដោយមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងវិស័យឧស្សាហកម្មវិស្វកម្ម CMEC បានអភិវឌ្ឍសមត្ថភាពដើម្បីផ្តល់នូវដំណោះស្រាយការផ្គត់ផ្គង់ច្រកចេញចូលតែមួយ បំពេញតាមតម្រូវការអតិថិជន EPC ហិរញ្ញវត្ថុ និងប្រតិបត្តិការ ក៏ដូចជាការថែទាំ។
ក្រុមហ៊ុនបានពង្រីកវត្តមានមុខជំនួញរបស់ខ្លួនទៅកាន់ប្រទេស និងតំបន់ចំនួន ៤៧ ក្នុងតំបន់អាស៊ី អាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងត្បូង ជាមួយការបង្កើតប្រព័ន្ធកិច្ចសន្យាគម្រោងមួយដោយផ្តោតលើថាមពលអគ្គិសនីជាស្នូល និងគ្របដណ្តប់លើការដឹកជញ្ជូន ទូរគមនាគមន៍ បណ្ដាញផ្គត់ផ្គង់ទឹក សម្ភារៈសំណង់ និងស៊ីម៉ងត៍។ល។
ក្នុងខែកុម្ភៈ នៅឆ្នាំ១៩៨៣ CMEC បានឈ្នះក្នុងការដេញថ្លៃសាងសង់ស្ថានីយ៍ថាមពលកម្ដៅមានកម្លាំង 210MW នៅទីក្រុង Guddu ប្រទេសប៉ាគីស្ថាន ហើយបានក្លាយជា ក្រុមហ៊ុនចិនដំបូងគេ ដែលទទួលបានកិច្ចសន្យានៅក្រៅប្រទេសក្រោមកិច្ចព្រមព្រៀងឥណទាន export seller។ ចូលដល់ស.វទី២១នេះ CMEC បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលសម្ពោធម៉ាស៊ីនភ្លើងផលិតថាមពលអគ្គិសនីដ៏ទំនើបដំណើរការដោយធ្យូងថ្ម មានកម្លាំង ៦០០មេហ្គាវ៉ាត់ ជាម៉ាកយីហោររបស់ចិន ទៅកាន់ទីផ្សារអន្តរជាតិ។ នៅខែធ្នូ ឆ្នាំ២០១២ រោងចក្រថាមពលធ្យូងថ្ម EREN (1+1) ×600MW នៅក្នុងប្រទេសតួកគី បានឈ្នះពានរង្វាន់ Luban Award for Overseas Projects ដោយបានក្លាយជារោងចក្រថាមពល ដើរដោយធ្យូងថ្មនៅក្រៅប្រទេស ដំបូងគេដែលឈ្នះរង្វាន់នេះ។ នៅខែវិច្ឆិកា ឆ្នាំ២០១៥ គម្រោង Belezov នៅប្រទេសបេឡារុស ក៏បានឈ្នះពានរង្វាន់ Luban Award for Overseas Projects ផងដែរ៕