(ប៉េកាំង, ចិន)៖ ក្រុមហ៊ុន Charoen Pokphand Group (CP Group) របស់ថៃ បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាលើផ្នែកអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។ បំណងពង្រីកការវិនិយោគនៅកម្ពុជា ក៏ដោយសារក្រុមហ៊ុនមើលឃើញពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងគោលនយោបាយល្អៗរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធការវិនិយោគ។
បំណងនេះត្រូវបានលើកបង្ហាញដោយលោក សែ ភីង (Tse Ping) អគ្គនាយរងក្រុមហ៊ុន Charoen Pokphand Group (CP Group) ក្នុងពេលជួបចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងជំនួបនេះ លោក សែ ភីង បានថែ្លងអបអរសាទរ សម្តេចធិបតី ទទួលបានការគាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី។ លោក សែ ភីង ក៏បានជម្រាបសម្តេចធិបតី អំពីការរីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មានការវិនិយោគនៅក្នុងប្រទេសកម្ពុជាលើកសិដ្ឋានចិញ្ចឹមសត្វ និងអចលនទ្រព្យផងដែរ។
លោក សែ ភីង ក៏បានជម្រាបសម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CP Group នាឱកាសនេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការការគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងទៀតដែលក្រុមហ៊ុន CP Group មានចំណាប់អារម្មណ៍ ដែលមានជាអាទិ៍វិស័យអចលនទ្រព្យ, សុខាភិបាល និងផ្កាយរណប។
សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនទាក់ទងពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា៕