(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រឱ្យក្រុមហ៊ុនចិន បន្តសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងជំនួបនោះ លោក លី ខ័រ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម។ លោក លី ខ័រ ក៏បានជម្រាបសម្តេចធិបតី អំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែនៅក្នុងប្រទេសកម្ពុជា រួមមាន៖ ១) គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង ២) គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ទៅកាន់រាជធានីភ្នំពេញ។
លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រួលចរាចរណ៍នៅកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនានា ដែលក្រុមហ៊ុន China Metro Group បាន និងកំពុងសិក្សានៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍។
សម្តេចធិបតី ក៏បានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និងផ្លូវក្រោមដីជាដើម។ល៕