(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា
សម្តេចធិបតី បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយលោកស្រី វិន ជែ (WEN Jia) ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ លោកស្រី វិន ជែ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកផ្តល់កិត្តិយសចំពោះជំនួបនេះ និងចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
លោកស្រី បានបញ្ជាក់បន្ថែមទៀតថា ការចុះ MOU នេះ បានទទួលការគាំទ្រផងដែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយសមិទ្ធផលនេះ ក៏មានលក្ខណៈស្របទៅនឹងកោណនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧ ។
លោកស្រី ក៏បានជម្រាបជូន សម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុន Alibaba ដោយបច្ចុប្បន្ននេះ មានអតិថិជនសរុបចំនួនប្រមាណ ១,៣០០ លាននាក់ នៅទូទាំងសកលលោក ហើយក្រុមហ៊ុនក៏បានដាក់លក់ផងដែរនូវផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន ដូចជា អង្ករ និងផ្លែមាន ជាដើម ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានថ្នាលតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិនប្រើប្រាស់ ក្នុងការស្នើសុំទិដ្ឋាការកម្ពុជា ផងដែរ ហើយសេវាកម្មនេះទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ និងមានចំនួនអ្នកស្នើសុំកើនទ្បើងគួរឱ្យកត់សម្គាល់ខ្លាំង ។
ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសប្បាយរីករាយ និងការស្វាគមន៍គាំទ្រដល់ក្រុមហ៊ុន Alibaba ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន-សហគ្រាស ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តាមរយៈការនាំយកផលិតផល និងសេវាកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ហើយសម្តេចធិបតី ក៏មានសុទិដ្ឋិនិយមផងដែរថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានជាអតិបរមា៕