(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវ។

ខាងក្រោមជាខ្លឹមសារសុន្ទរកថារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បកប្រែក្រៅផ្លូវការជាភាសាខ្មែរ៖

ជាបឋម ខ្ញុំសូមអបអរសាទរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសចូលរួមក្នុងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI) នាខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដែលបានភ្ជាប់ពិភពលោកក្នុងវិបុលភាពតាមរយៈការតភ្ជាប់ដ៏ស្វាហាប់ទាំងផ្នែកទន់ និងផ្នែករឹង។

ជាការពិតណាស់ ពិភពលោកមិនបានឃើញគំនិតផ្តួចផ្តើមជាសកល ដ៏អស្ចារ្យបែបនេះក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកម្ល៉េះ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដូចជា ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស, កំណើនសេដ្ឋកិច្ច, សមាហរណកម្មតំបន់ និងសកលលោក, និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានបំពេញនូវទំនួលខុសត្រូវដ៏ធំនេះ និងអនុវត្តភាពជាអ្នកដឹកនាំជាសកល។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

អស់មួយទស្សវត្សរ៍កន្លងមកនេះ បច្ចេកវិទ្យាឌីជីថលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចពិភពលោក និងសង្គមឱ្យកាន់តែទូលំទូលាយ ដែលនាំឱ្យយើងកាន់តែជិតស្និទ្ធ និងមានភាពពឹងផ្អែកលើគ្នាទៅវិញទៅមក។ ជាមួយនឹងឌីជីថលូបនីយកម្ម ការទទួលបានសន្ទុះក្នុងសកម្មភាពសេដ្ឋកិច្ចផ្សេងៗគ្រប់វិសាលភាព សេដ្ឋកិច្ចឌីជីថលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចឌីជីថលសកលមានតម្លៃ ១៤,៥ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២០,៨ ទ្រីលានដុល្លារនៅឆ្នាំ ២០២៥។ ប្រទេសជាច្រើន រួមទាំងប្រទេសនៃបណ្តាញក្រវ៉ាត់ និងផ្លូវ កំពុងស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ។ សេដ្ឋកិច្ចឌីជីថល ផ្តល់នូវឱកាសពិសេសមួយ ដើម្បីសម្រេចបាននូវគោលដៅនេះ ដោយបង្កើតឧស្សាហកម្មថ្មី និងទីផ្សារជំរុញការច្នៃប្រឌិត និងភាពជាសហគ្រិន, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីភ្ជាប់ទៅខ្សែសង្វាក់តម្លៃសកល, កាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណី និងជំរុញឱ្យមានសក្ដានុពលសេដ្ឋកិច្ច និងការប្រកួតប្រជែង។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ដើម្បីទាញយកសក្ដានុពលពេញលេញនៃសេដ្ឋកិច្ចឌីជីថល ទាមទារវិធីសាស្រ្តដ៏ទូលំទូលាយមួយ រួមទាំងការបង្កើតគោលនយោបាយ និងបទប្បញ្ញត្តិអំណោយផល ដើម្បីបើកច្រកហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលអាចគាំទ្រការច្នៃប្រឌិត ការពារកម្មសិទ្ធិបញ្ញា និងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល។

លើសពីនេះ កិច្ចសហការរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាអង្គភាពក្នុងវិស័យឯកជន និងវិស័យសិក្សាធិការមានសារៈសំខាន់ណាស់ ក្នុងការជំរុញការបង្កើតថ្មី និងដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។ វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថលប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ ដូច្នេះគំនិតផ្តួចផ្តើមដូចជា កម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថល យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន គួរតែត្រូវបានពង្រឹងដើម្បីដោះស្រាយបញ្ហាប្រឈម និងឆក់យកឱកាសក្នុងសេដ្ឋកិច្ចឌីជីថល។ ការកសាងមូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំក៏ជាចំណុចសំខាន់ដែរក្នុងការឆ្ពោះទៅរកសក្តានុពលពេញលេញនៃសេដ្ឋកិច្ចឌីជីថល។

ទោះជាយ៉ាងណាក៏ដោយ នេះតម្រូវឱ្យមានហិរញ្ញប្បទាន និងជំនាញបច្ចេកទេសដ៏ច្រើន។ ក្នុងន័យនេះ ខ្ញុំចង់លើកទឹកចិត្តដល់ការបង្កើនមូលនិធិសម្រាប់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងការតភ្ជាប់ មជ្ឈមណ្ឌលទិន្នន័យ និងសន្តិសុខ និងវេទិកាឌីជីថលផ្សេងទៀតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ជាចុងក្រោយ ចូរយើងកុំភ្លេចពីសារៈសំខាន់នៃនិរន្តរភាពនៅក្នុងសេដ្ឋកិច្ចឌីជីថល។ នៅពេលដែលយើងទទួលយកបច្ចេកវិទ្យាថ្មីៗ យើងត្រូវធានាថាពួកវាត្រូវបានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងតាមរបៀបដែលស្របតាមគោលដៅបរិស្ថាន និងសង្គមរបស់យើង។ នេះរួមបញ្ចូលទាំងការលើកកម្ពស់បច្ចេកវិទ្យាបៃតង ការកាត់បន្ថយកាកសំណល់ឌីជីថល និងការដោះស្រាយឧបករណ៍ឌីជីថល ដើម្បីធានាបាននូវការប្រើប្រាស់ស្មើៗគ្នាសម្រាប់ទាំងអស់គ្នា។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ក្នុងនាមជាប្រទេសមួយដែលមានប្រជាជនវ័យក្មេងដែលមានថាមពលខ្លាំង និងកម្លាំងពលកម្មដែលមានចំណេះដឹងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន ប្រទេសកម្ពុជាស្ថិតក្នុងទីតាំងល្អក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលឱ្យទទួលបានអត្ថប្រយោជន៍។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យជាបន្តបន្ទាប់ ដូចជាគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២៣-២០២៨ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជាក្នុងការផ្លាស់ប្តូរពីគម្រូសេដ្ឋកិច្ចសាមញ្ញទៅជាសេដ្ឋកិច្ចឌីជីថលដែលធន់។

ក្នុងន័យនេះ ខ្ញុំសូមស្វាគមន៍ដៃគូសំខាន់ៗទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីស្វែងរកឱកាសដ៏ច្រើន ដែលកម្ពុជាអាចផ្តល់ជូនក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។

ជាកិច្ចបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកចូលរួមទាំងអស់ សម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចសន្ទនាដ៏សំខាន់នេះ។

ចូរយើងចាប់យកឱកាសនៅចំពោះមុខយើង ចាប់យកបដិវត្តន៍ឌីជីថល និងត្រួសត្រាយផ្លូសម្រាប់យុគសម័យថ្មីនៃការរីកចម្រើន និងវិបុលភាពតាមរយៈសេដ្ឋកិច្ចឌីជីថល។

សូមអរគុណ!