(ក្វាងស៊ី, ចិន)៖ ក្វាងស៊ី ជាខេត្តដែលមានអរិយធម៌ដ៏ចំណាស់មួយរបស់ចិន ហើយក៏ជាខេត្តនៃច្រកដ៏សំខាន់មួយរបស់ចិន ដែលមានព្រំដែនជាប់ជាមួយប្រទេសអាស៊ីអាគ្នេយ៍តាមព្រំដែនគោក និងព្រំដែនសមុទ្រ។ ជាពិសេសនៅក្នុងសម័យបុរាណប្រជាពលរដ្ឋខេត្តក្វាងស៊ី បានផ្លាស់ប្តូរទំនាក់ទំនងច្រើនជាមួយពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏បានផ្លាស់ប្តូរវប្បធម៌ និងទំនៀមទម្លាប់នៃការរស់នៅជាច្រើនរវាងគ្នាផងដែរ។
ក្វាងស៊ី ក៏មានទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍យ៉ាងរស់រវើកជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ការរាតត្បាតជំងឺកូវីដ១៩ ដែលចាប់ផ្តើមឡើងនៅចុងឆ្នាំ២០១៩ បានបង្កើតជារណាំង និងបន្ទុចបង្អាក់សម្រាប់សកម្មភាពទាំងអស់នេះ។
បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានប្រយុទ្ធប្រឆាំងដោយជោគជ័យ នៅឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តក្វាងស៊ី បានដាក់ចេញនូវយុទ្ធសាស្ត្រផ្សព្វផ្សាយពីកិច្ចអភិវឌ្ឍន៍ និងការរីកចម្រើនលើវិស័យឧស្សាហកម្ម តំបន់ទេសចរណ៍ក្នុងខេត្តទៅកាន់ពិភពលោក ជាពិសេសប្រទេសអាស៊ីអាគ្នេយ៍។
ក្រោមទិស្លោក «ឆ្នាំ២០២៣ ក្វាងស៊ីក្នុងក្រសែភ្នែកអ្នកព័ត៌មានអន្តរជាតិ៖ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាព និងចារក្នុងទំព័រនៃការធ្វើទំនើបកម្មខេត្តក្វាងស៊ី តាមបែបចិន» អាជ្ញាធរខេត្តក្វាងស៊ី បានអញ្ជើញអ្នកសារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គមមកពីអាស៊ីអាគ្នេយ៍ចំនួន៨ប្រទេសទស្សនកិច្ចនៅក្នុងខេត្តរបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នេះ អ្នកសារព័ត៌មានមកពីកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពិន ត្រូវបានរៀបចំឱ្យទស្សនកិច្ចនៅទីក្រុងជីញកាំង ដែលនឹងទៅពិនិត្យការធ្វើសកម្មភាពឡើងវិញនៃការដោះដូរទំនិញដ៏រស់រវើក នៃកំពង់ផែហ្វាំងជីញកាំង, ទស្សនារោងចក្រផលិតយានយន្តដើរដោយអគ្គិសនី និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បែបវប្បធម៌ប្រពៃណីរបស់ជនជាតិចិននៅជីញកាំងជាដើម។ បន្ថែមពីលើនេះ ក្រុមអ្នកសារព័ត៌មាន ក៏នឹងត្រូវនាំទៅកាន់ក្រុងគួយលីង ដែលជាទឹកដ៏ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏ស្រស់ស្អាត និងទាក់ទាញរបស់ចិនផងដែរ។
ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានប្រទេសអាស៊ីអាគ្នេយ៍នៅលើទឹកដីខេត្តក្វាងស៊ី បានរៀបចំបើកជាផ្លូវការនៅព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងខេត្តក្វាងស៊ីផងដែរ។
ថ្លែងបើកកម្មវិធីនោះ លោក លីវ ឃុន អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន តំបន់ស្វយ័តខ្វាងស៊ី និងជានាយកការិយាល័យការិយាល័យព័ត៌មានតំបន់ស្វយ័តក្វាងស៊ី បានលើកឡើងថា ខេត្តក្វាងស៊ី ជាទីកំណើតមួយនៅក្នុងចំណោមទីកំណើតដ៏សំខាន់ៗដទៃទៀត នៃផ្លូវសូត្រសមុទ្របុរាណ និងជាព្រំដែន និងកាលានុវត្តភាពសម័យទំនើបនៃភាពបើកចំហរបស់ចិន និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ លោកបន្តថា នៅឆ្នាំ២០១៥ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានដាក់គោលដៅឱ្យខេត្តក្វាងស៊ីចំនួន៣ កសាងទំនាក់ទំនងល្អជាមួយអាស៊ាន ដើម្បីបង្កើតយុទ្ធសាស្ត្រស្នូលថ្មីមួយ សម្រាប់ការបើកចំហ និងការអភិវឌ្ឍនៅភាពនិរតី ភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់។
លោក លីវ ឃុន បន្តថា ខេត្តក្វាងស៊ី តែងតែចងចាំជានិច្ចនូវភារកិច្ចផ្ដល់ ដោយលោកប្រធានាធិបតី ស៊ី ជិនពីង ទទួលខុសត្រូវលើបេសកកម្មយ៉ាងក្លាហាន ឈរលើមូលដ្ឋាននៃទីតាំងអំណោយផលដ៏ល្អឯក ចូលរួមយ៉ាងសកម្មនៅក្នុងការ ស្ថាបនានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ប្រឹងប្រែងធ្វើការយ៉ាងល្អ សម្រាប់ពិព័រណ៍ចិន-អាស៊ាន កិច្ចប្រជុំកំពូលធុរកិច្ចចិនអាស៊ាន និងការវិនិយោគ និងវេទិកាធំៗ ផ្សេងទៀត។
លោក លីវ ឃុន បានលើកឡើងថា កម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍នាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការងើបឡើងវិញនៃឧស្សាហកម្មនៅក្នុងទីក្រុងជីញកាំង និងទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌នៃទីក្រុងគួយលីង ដែលធ្វើជាសក្ខីភាព នៃការស្ទុះឡើងនៃសេដ្ឋកិច្ចបៃតងក្នុងខេត្តក្វាងស៊ី។ បន្ថែមពីលើនោះ ក៏បានដកស្រង់បទពិសោធន៍ និងវបធ្បម៌ចម្រុះ និងយ៉ាងសម្បូរបែប ព្រមទាំងទស្សនាទេសភាពដ៏ស្រស់ស្អាត និងអស្ចារ្យក្នុងទីក្រុងគួយលីន និង ឈ្វេងយល់ពីវិធីសាស្ត្រនៃការអភិវឌ្ឍនៅខេត្តក្វាងស៊ីផងដែរ។
លោក បានបង្ហាញក្តីរំពឹងថា តាមរយៈកម្មវិធីនេះ មនុស្សកាន់តែច្រើនបានស្គាល់ក្វាងស៊ី។ លោកក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអាស៊ាន នឹងក្លាយជាស្ពានផ្សារភ្ជាប់ក្វាងស៊ី ជាមួយសហគមន៍អន្តរជាតិ។
ក្នុងពិធីបើកនោះ លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន តំណាងឱ្យប្រតិភូអ្នកសារព័ត៌មានពីកម្ពុជា ដែលមាន Fresh News ចូលរួមដែរនោះ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តក្វាងស៊ី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ លោក បានគូសរំលេចថា ក្វាងស៊ី និងកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា។ ដូច្នេះលោករំពឹងថា តាមរយៈការផ្សព្វផ្សាយដ៏សម្បូរបែបនៅពេលនេះ នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងខេត្តក្វាងស៊ីរបស់ចិនកាន់តែមានភាពស្អិតល្មួត និងល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ខេត្តក្វាងស៊ី ជាតំបន់មានជនជាតិដើមភាគតិចរហូតដល់ទៅ១២។ នៅចុងឆ្នាំ២០២២ ខេត្តក្វាងស៊ី មានប្រជាជនរស់នៅសរុប ៥៧.៤៣លាននាក់ ក្នុងនោះមាន ២២.៤៤លាននាក់ជាជនជាតិដើមភាគតិច ស្មើនឹងជាង៣៩ភាគរយ។ នៅក្នុងចំណោមជនជាតិដើមភាគតិច មាន ១៨.៦៦លាននាក់ ជាជនជាតិជួង ស្មើនឹងជាង ៣២.៤៩ភាគរយ។ ក្វាងស៊ី មានទីក្រុងធំៗចំនួន ១៤ បែកចែកទៅជាទីក្រុងតូចៗ និងស្រុកចំនួន១១១។
ក្វាងស៊ី មានផ្ទៃដីទំហំ ២៣៧,៦០០គីឡូម៉ែត្រក្រឡាជាប់ខេត្តក្វាងទុង ហុងកុង និងម៉ាកាវ ព្រមទាំងជាប់ឈូងសមុទ្រប៉េប៊ូ នៅភាគខាងត្បូង និងដែនសមុទ្រខេត្តហៃណាន។ ក្វាងស៊ីចែកជា៨តំបន់ នៅភាគនិរតីជាប់វៀតណាម និងមានព្រំដែនគោកប្រវែង ៦៩៦គីឡូម៉ែត្រ និងឆ្នេរប្រវែង ១,៦២៨.៥៩ គីឡូម៉ែត្រ។ ក្វាងស៊ី គឺជាតំបន់តែមួយគត់នៅក្នុងប្រទេសចិន ដែលស្ថិតនៅក្បែរបណ្ដាប្រទេសអាស៊ានតាមសមុទ្រ និងដីគោក និងផ្ដល់ភាពងាយស្រួលបំផុតក្នុងការចូលទៅកាន់សមុទ្រនៅភាគខាងនិរតីប្រទេសចិន និងជាបណ្ដាញតភ្ជាប់យ៉ាងសំខាន់នៃផ្លូវសូត្រសមុទ្រក្នុងសតវត្សរ៍ទី២១។
ក្វាងស៊ី ត្រូវបានហ៊ុមព័ទ្ធដោយភ្នំដ៏ស្រស់ស្អាត ទន្លេបត់បែនដ៏វែងអន្លាយ និងសមុទ្រពណ៌ខៀវ អមដោយផ្ទៃមេឃស្រឡះល្អ និងខ្យល់បរិសុទ្ធ៕