(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានចុះអនុស្សរណៈយោគយល់ចំនួន២ ដែលរួមមាន ទី១-អនុស្សរណៈនៃការយោគយល់គ្នានៃគម្រោង ថែទាំស្ពានហាលខាងលិចប្រាសាទអង្គរវត្ត និងទី២-អនុស្សរណៈនៃការយោគយល់គ្នានៃគម្រោងបណ្ដុះបណ្ដាល និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ។
កម្មវិធីនេះធ្វើឡើងនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក អូហ្គូស្ទីន សាលី (AUGUSTINE Sali) អធិការបតីសាកលវិទ្យាល័យសូហ្វីយ៉ា លោក យ៉ូស៊ីអាគី អីស៊ីហ្សាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ា ដើម្បីការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត៕