(សិង្ហបុរី)៖ ​ធនាគារជាតិនៃកម្ពុជា ថ្មីៗនេះបានដឹកនាំទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរី ក្នុងមហោស្រពបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដែលជាផ្នែកសំខាន់មួយនៃការចាប់ផ្ដើមរបស់ព្រឹត្តិការណ៍ Camtech Summit។​

​គណៈប្រតិភូប្រចាំប្រទេសកម្ពុជាទាំងអស់ ដែលបានទស្សនកិច្ចនៅប្រទេសសិង្ហបុរី រួមមានមន្ត្រីរបស់ធនាគារជាតិនៃកម្ពុជា (NBC) និងថ្នាក់ដឹកនាំមកពីស្ថាប័នហិរញ្ញវត្ថុធំៗដូចជា ធនាគារអេប៊ីអេ (ABA) ធនាគារអេស៊ីលីដា (ACLEDA) ធនាគារហ្វីលីប (Phillip) សមាគមអាជីវកម្មបច្ចេកវិទ្យាកម្ពុជា (CISA) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) ដែលជាអ្នករៀបចំព្រឹត្តិការណ៍ CamTech Summit ពួកគាត់បានធ្វើការយកចិត្តទុកដាក់ទៅលើការស្វែងរកភាពជឿនលឿនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុសកល និងការបង្កើតភាពជាដៃគូអន្តរជាតិ។

​ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា បានរួមបញ្ចូលការចូលរួមជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនឈានមុខគេដូចជា ក្រុមហ៊ុនTikTok, ក្រុមហ៊ុនVisa, ក្រុមហ៊ុនLiquidPay, ក្រុមហ៊ុនHuawei Cloud, ក្រុមហ៊ុនMomentum Works, ក្រុមហ៊ុនTiger Brokers SG, ក្រុមហ៊ុនHehe Technology, ក្រុមហ៊ុនSEA Money, ធនាគារGreen Link, ក្រុមហ៊ុនDelivery Chinatown, ក្រុមហ៊ុនWormwood និង ក្រុមហ៊ុនAWS។ អន្តរកម្មទាំងនេះបានផ្តល់នូវការយល់ដឹងអំពីនិន្នាការចុងក្រោយបំផុតនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងស្របតាមគោលដៅអភិវឌ្ឍន៍ក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជា។

​ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុនAlipay ។ អនុស្សរណៈនេះធ្វើឡើង គឺដើម្បីលើកកម្ពស់ប្រសិទ្ធិភាព និងសុវត្ថិភាពរបស់ប្រតិបត្តិការទូទាត់កូដ QR រវាងបណ្តាញរបស់ Bakong តាមរយៈលេខកូដ KHQR និងបណ្តាញទទួលយក កូដQR សកលរបស់ ក្រុមហ៊ុនAliPay។

​ការចូលរួមក្នុងមហោស្រពបច្ចេកវិទ្យាហិរញ្ញវត្ថុ របស់ប្រទេសសិង្ហបុរី ពិតជាសារៈសំខាន់មួយ ក្នុងគោលបំណងនៃព្រឹត្តិការណ៍ Camtech Summit។ បទពិសោធន៍ និងទំនាក់ទំនងរបស់គណៈប្រតិភូ ដែលបានបង្កើតឡើងមានសារៈសំខាន់ណាស់ ក្នុងការជំរុញគំនិតផ្តួចផ្តើមក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជាស្របទៅតាមនិន្នាការពិភពលោក។

ការចូលរួមនៅក្នុងមហោស្រពបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសសិង្ហបុរី ក៏ដូចជាផ្នែកមួយនៃព្រឹត្តិការណ៍ Camtech Summit ដែលនឹងកើតឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងកំណត់ទិសដៅដ៏ជោគជ័យមួយ សម្រាប់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា។ សមិទ្ធិផលរបស់គណៈប្រតិភូត្រូវបានគេរំពឹងទុកថា នឹងរួមចំណែកយ៉ាងសំខាន់ដល់ការច្នៃប្រឌិត និងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា៕