(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ លោក ឃ្លាំង ហួត និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមកិច្ចប្រជុំស្ដីពីការបន្តពិនិត្យ និងចាត់ចែងទ្រព្យសម្បត្តិ ដែលបានដកហូតទុកបណ្ដោះអាសន្ន ក្នុងប្រតិបត្តិការបង្ក្រាបកុងស៊ីបញ្ចាំខុសច្បាប់កន្លងមក។

កិច្ចប្រជុំបានឯកភាពឱ្យ និយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំបង្កើតក្រុមការងារចម្រុះ ដោយមានគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចុះទៅចាត់ចែងម៉ូតូ ដែលនៅសល់ទៅតាមអ្វីដែលក្រុមការងារចម្រុះបានសម្រេច។

កិច្ចប្រជុំ ក៏មានការចូលរួមពីនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ខណ្ឌជ្រោយចង្វារ មន្ទីរជំនាញ និងទីចាត់ការពាក់ព័ន្ធ ក្រោមចំណុះរដ្ឋបាលរាជធានីភ្នំពេញ៕